(​វ៉ាស៊ីនតោន​)៖ ក្រុម​អ្នកគាំទ្រ​លោក ដូ​ណា​ល់ ត្រាំភ៍ (Donald Trump) មកពី​គណបក្ស​សាធារណរដ្ឋ បាន​ទទួល​ការស្នើសុំ​ឲ្យ​បញ្ឈប់​ការតវ៉ា​ក្នុង​រដ្ឋ ឈី​កាហ្គោ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង សុវត្ថិភាព​ឡើងវិញ បន្ទាប់ពី​កើតមាន​ជម្លោះ​ជាមួយ​នឹង​អ្នក​នាំ​ទ្រ​លោក ប៊ឺ​នី សេន​ដឺ​ស៍ (Bernie Sanders) មកពី​គណបក្ស​ប្រជាធិបតេយ្យ នោះ​បាន​ឈាន​ទៅ​រក​អំពើហិង្សា​។ នេះ​បើ​តាម​ការ ផ្សាយ​របស់​សារព័ត៌មាន​អាមេរិក CNN នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មីនា ឆ្នាំ​២០១៦​។​

​នៅ​ថ្ងៃ​សុក្រ ដែល​ការតវ៉ា​បាន​ធ្វើ​ឡើង​នោះ លោក​ត្រាំ បានបញ្ជាក់​ថា អ្នកគាំទ្រ​របស់​លោក​បាន​យល់ព្រម​រំសាយ​ហើយ បន្ទាប់ពី​បាន​ជួប​ចរចា​ជាមួយ​មេបញ្ជាការ​ប៉ូលិស​រួច​មក​។ ក្រុមអ្នកតវ៉ា​រាប់រយ​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ពីមុខ សាកលវិទ្យាល័យ អ៊ី​លីណ​យស៍ (Illinoius) ប៉ុន្មាន​ម៉ោង​មុន​លោក ត្រាំ ធ្វើដំណើរ​មក​ដល់​ដើម្បី​បើក​វេទិកា​ជួបជុំ​អ្នកគាំទ្រ​នៅ​ទីនោះ​។ នេះ​ជា​លើកទីមួយ​ហើយ ដែល​មាន​បាតុភាព​កើតឡើង ក្នុង​យុទ្ធ​ការប្រកួតប្រជែង បេក្ខភាព​ប្រធានាធិបតី ក្នុង​គណបក្ស​រៀងៗ​ខ្លួន នៅ​សហរដ្ឋអាមេរិក​។​

​អំឡុងពេល​នៃ​ការរង់ចាំ​នោះ ក្រុម​អ្នកគាំទ្រ និង​ប្រឆាំង​បាន​ទាស់ទែង​សម្តី​គ្នា ព្រមទាំង​មាន​ការ​គ្រវី​ទង់ជ័យ និង​លើក​បដា​រិះគន់ ឌឺដង​ដាក់គ្នា​ជាច្រើន​ទៀត ដែល​ជាហេតុ​នាំ​ឲ្យ​អំពើ​ហិង្សា​កើតមានឡើង បន្តិចបន្តួច​តែម្តង​។ អ្នកគាំទ្រ​លោក ត្រាំ បាន​ព្យាយាម​ក្របួច​យក​ទង់​ប្រឆាំង​ពី​ក្រុមអ្នកតវ៉ា ដែល​ហេតុ​នាំ​ឲ្យ​ស្ថានការណ៍ ប៊ិះ​តែ​នឹង​ឈានទៅរក​ភាព ក្តៅគគុក​ខ្លាំង​ជាង​នេះ​ទៅហើយ​៕​