(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានដឹកនាំក្រុមការងារចុះពិនិត្យរកដំណោះស្រាយរំដោះទឹក ដែលលិចផ្លូវនៅលើផ្លូវលេខ១០១ ដោយសារមានភ្លៀងធ្លាក់បន្តបន្ទាប់។

ការចុះពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមការចូលរួមពីលោកប្រធានការិយាល័យសាធារណកា និងដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈក្រុង មន្ត្រីភូមិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង និងស្មៀនសង្កាត់ស្វាយរៀងផងដែរ។

លោក សរ សុដានី បានឱ្យដឹងថា ក្រុមការងាររដ្ឋបាលក្រុង ចុះនាពេលនេះ គឺដើម្បីពិនិត្យរកដំណោះស្រាយរំដោះទឹក ដែលលិចផ្លូវដោយសារទឹកភ្លៀង នៅលើផ្លូវលេខ១០១ ជាប់នឹងការាស់សាំងមួយកន្លែង។

លោកបានបន្តថា ជាដំណោះស្រាយក្រុមការងារក្រុងបានស្នើសុំ ចោះភ្ជាប់ទៅប្រព័ន្ធលូ របស់ការាស់សាំងដែលមានប្រព័ន្ធលូរួចហើយ ដើម្បីរំដោះទឹកលិចផ្លូវជាបណ្ដោះអាសន្នខណៈខាង ក្រុមហ៊ុនការាស់សាំងក៏បានយល់ព្រមឯកភាព ឱ្យបង្ហូរទឹកចូលប្រព័ន្ធលូរបស់ក្រុមហ៊ុន មិនមានការជំទាស់អ្វីនោះទេ គឺដើម្បីផលប្រយោជន៍សាធារណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់នារដូវវស្សានេះផងដែរ។

លោកបានបន្ថែមទៀតថា ដើម្បីឆ្លើយតបទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្រុមការងាររបស់លោក និងត្រូវធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព បំផុតព្រោះការងារនេះ ជាតួនាទីភារកិច្ចទទួលខុសត្រូវចំពោះសង្គម និងប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលាហើយសូមប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរឱ្យបានល្អក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ នៅក្នុងមូលដ្ឋាន ក្នុងនោះកុំភ្លេចអនុវត្តវិធានការ «៣ការពារ និង៣កុំ» និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕