(កំពង់ស្ពឺ)៖ លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ និងលោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង រួមទាំងក្រុមការងារ បាននាំយកអំណោយមួយចំនួនធំ ចុះប្រគល់ជូនប្រជាពលរដ្ឋខ្វះខាត និងជួបការលំបាកដោយសារជំងឺកូវីដ១៩ ចំនួន៥០គ្រួសារ នៅឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។

ពិធីប្រគល់ចំណោយនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅវត្តអង្គសំរឹទ្ធីត្រពាំជោ ដោយមានការចូលរួមពីលោកអភិបាលស្រុកឪរ៉ាល់ លោកអធិការស្រុកឪរ៉ាល់ រួមទាំងមានប្រជាពលរដ្ឋចូលរួមជាច្រើននាក់ទៀតផងដែរ។

លោក ហោ សេរីវឌ្ឍន៍ ក៏បានលើកពីបញ្ហាជំងឺកូវីដ១៩ និងផលលំបាកនានាដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះប្រាប់ដល់ប្រជាពលរដ្ឋ និងបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ ចូលក្នុងគ្រួសារ និងសហគមន៍ផងដែរ។

ជាមួយគ្នានោះដែរលោក ហោ សេរីវឌ្ឍន៍ ក៏បានលើកឡើងទៀតថា ការបង្កើតមូលនិធិកម្ពុជាប្រឆាំងជំងឺកូវីដ១៩ នេះគឺដើម្បីគៀងគរថវិការបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយសារជំងឺកូវីដ១៩ ។ ជាមួយគ្នានោះដែរ លោកតំណាងឱ្យប្រជាពលរដ្ឋជួបការលំបាកទាំងអស់ បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភក្នុងមូលនិធិនេះយ៉ាងច្រើនកុះករតាមសទ្ធាជ្រះថ្លាផងដែរ។

លោកឧកញ៉ា ឆាយ សុធា ក៏លើកឡើងផងដែរ ពីផលលំបាកនៃជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះប្រាប់ដល់ប្រជាពលរដ្ឋ និងបានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ខិតខំថែទាំសុខភាពឱ្យបានល្អ ជាពិសេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលមាន ៣កាពារ និង៣កុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កុំឱ្យកើតក្នុងគ្រួសារនិងសហគមន៍។

ជាមួយគ្នានោះដែរលោកឧកញ៉ា ឆាយ សុធា ក្នុងនាមលោកជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ក៏បានជំរុញឱ្យអាជ្ញាធរស្រុកឪរ៉ាល់ បន្តចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលមិនទាន់បានធ្វើ ឫបាត់ ខូច ឱ្យបានឆាប់រហ័ស ខណៈថ្ងៃបោះឆ្នោត និងចូលមកដល់ក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ដែរថា អំណោយដែលពលរដ្ឋទទួលបានក្នុងមួយគ្រួសារទទួលបាន អង្ករ ១បេ, មី ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ រួមទាំងថវិកាមួយចំនួនផងដែរ និងបានប្រគេនបច្ច័យជូនវត្តអង្គសំរឹទ្ធីត្រពាំជោ ចំនួន៨០ម៉ឺនរៀន អង្ករ២បេ និងមី ៥កេសផងដែរ៕