(ភ្នំពេញ)៖​ នារីម្នាក់បានរងរបួសធ្ង់ន ខណៈរនាំងដែកពុះចែកទ្រូងផ្លូវចំនួន៧ផ្ទាំង​ បានបាក់ បន្ទាប់ពីបុរសស្រវឹងស្រា និងញៀនថ្នាំម្នាក់ បានបើករថយន្តទៅបុក​ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ​កែងនិងផ្លូវ២៨៨​ ត្រង់មុខភោជនីយដ្ឋានតាយ តាយ​ ដែលស្ថិតក្នុងសង្កាត់បឹងកេងទី១ ខណ្ឌចំការមន​ នាម៉ោង១០៖០០នាទីយប់ថ្ងៃទី១១​ ខែមីនាឆ្នាំ​២០១៦​នេះ​ ។​

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅ​មុនកើតហេតុគេបានឃើញបុរសស្រវឹងម្នាក់ បើករថយ​ន្តមួយគ្រឿង​ ម៉ាក​ Camry បាឡែន​ស្លាក លេខភ្នំពេញ 2T-1626 តាមបណ្តោយផ្លូវមុនីវង្ស ក្នុងទឹសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ​ ត្រង់មុខភោជនីយដ្ឋានតាយតាយ​ អ្នកបើកបរស្រវឹងរូបនោះ បានបើករេទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់៧ផ្ទាំង​ ។ បន្ទាប់​ពី​បុករនាំងរួចហើយអ្នកបើកបររូបនោះ បានបន្តបើករថយន្តដូចហោះ ទៅផ្លូវម្ខាងទៀត​ស្របពេលនោះ ក៏មាននារី២នាក់ជិះម៉ូតូ​ Scoopi  បានមកដល់ធ្វើឲ្យរថយន្ត ឆ្លងទៅផ្លូវម្ខាងទៀត បុកពេញទំហឹងបណ្តាល្យនារីម្នាក់ក្នុងចំណោម២​រងរបួសធ្ងន់ ខណៈដែលនារីម្នាក់ទៀត ​បានខ្ទាតចេញផុត​។

លើសពីនេះទៅទៀតនោះ សមត្ថកិច្ចនគរបាលក៏បានឆែកឃើញថ្នាំញៀន និងឧបករណ៍កក្នុងរថយន្តរបស់យុវជនបង្កផងដែរ។ ក្រោយកើតហេតុ​  កម្លាំងសមត្ថកិច្ចចុះទៅវាសវែង និងនាំខ្លួនអ្នកបើកបរ រួមទាំងរថយន្តទៅកាន់ស្នងការដ្ឋាន នគរបាល ក្រុងភ្នំពេញ​ ដើម្បី​ដោះស្រាយ​នៅពេលក្រោយ​៕​