(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២០ ខែឧសភា បានសម្រេចបើកការចេញ-ចូលឡើងវិញ នូវកំណាត់ផ្លូវ១ខ្សែ ភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមុខភោជនីយដ្ឋានរាជិនី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

យោងតាមសេចក្ដីសម្រេចរបស់រដ្ឋាបាលខេត្តសៀមរាប ការបិទកំណាត់ផ្លូវនេះនាពេលកន្លងមក គឺដោយសារពាក់ព័ន្ធនឹងករណីគ្រួសារអ្នកវិជ្ជមានជំងឺកូវីដ១៩ ឈ្មោះ ម៉ម សុខថេន ដែលរស់នៅតាមបណ្ដោយផ្លូវភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅដល់មុខភោជនីយដ្ឋានរាជិនី ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប រដ្ឋបាលខេត្ត សម្រេចបិទ ការចេញ-ចូល ជាបណ្ដោះអាសន្នកំណាត់ផ្លូវខាងលើ កាលពីថ្ងៃទី៦ ខែឧសភា។

ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តដដែលបានបញ្ជាក់ថា ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ វិធានចត្តាឡីស័ក និងការយកសំណាកធ្វើតេស្តស្រាវជ្រាវអ្នកពាក់ព័ន្ធលទ្ធផលអវិជ្ជមាន បានធ្វើឲ្យករណីនេះ វិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញនូវកំណាត់ផ្លូវខាងលើនេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានគុណចំពោះប្រជាពលរដ្ឋ រស់នៅក្នុងតំបន់បិទខ្ទប់ ក៏ដូចជាអ្នកពាក់ព័ន្ធ ដែលបានចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ក្នុងការអនុវត្តវិធានការចត្តាឡីស័ក និងយកសំណាក នាពេលកន្លងមក៕