(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាបនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដថ្មីចំនួន២នាក់បន្ថែមទៀត។ អ្នកទាំង២ មានប្រវត្តិមកពីរាជធានីភ្នំពេញ និងប្រទេសថៃ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន អ្នកវិជ្ជមានថ្មីខាងលើនេះរួមមាន៖

ទី១៖ ឈ្មោះ ញឹម អូន ភេទប្រុស អាយុ ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលជាអ្នកបើកបររថយន្តក្រុង ពីរាជធានីភ្នំពេញ មកដល់ខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែឧសភា និងបានធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ចាប់តាំងពីពេលដែលគាត់មកដល់ខេត្តសៀមរាប ដោយសារមានអ្នករួមដំណើរក្នុងរថយន្តមានវិជ្ជមានជំងឺកូវីដ-១៩។

ទី២៖ ឈ្មោះ វឿន តូ ភេទប្រុស អាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅភូមិតាសុខ ឃុំសែនសុខ ស្រុកក្រឡាញ់។ អ្នកជំងឺរូបនេះ បានធ្វើដំណើរមកពីទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២០ ខែឧសភា ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានតម្រូវឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ និងយកសំណាកធ្វើតេស្តស្រាវជ្រាវដោយទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២០ ខែឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៣៦នាក់ ស្លាប់២នាក់ និង៤៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕