(ភ្នំពេញ)៖ ប្រទេសកូរ៉េខាងត្បូង បានឯកភាពផ្តល់ជំនួយឥតសំណង ចំនួន៥១លានដុល្លារ ដល់កម្ពុជាក្នុងឆ្នាំ២០១៦ និងប្រាក់កម្ចីសម្បទានចំនួន ៣០០លានដុល្លារសម្រាប់ឆ្នាំ២០១៥-២០១៦។ ប្រាក់កម្ចីទាំងនោះ ផ្តោតលើវិស័យចំនួន៤ រួមមាន ការអភិវឌ្ឍវិស័យកសិកម្ម ការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន និងវិស័យសុខភាពសាធារណៈ។ នេះបើតាមការ​ប្រកាសរបស់​ក្រសួងការបរទេស។

ប្រទេសទាំងពីរ បានឯកភាពគ្នាថានឹងបង្កើនទំហំពាណិជ្ជកម្ម ឱ្យដល់២ពាន់ដុល្លារផងដែរ ក្នុងឆ្នាំ ២០២០។ ក្រៅពីនោះ ភាគីកូរ៉េ បានសន្យាថានឹងបង្កើនវិនិយោគទុនកូរ៉េនៅកម្ពុជា និងសម្រូលការ​នាំចូលកសិផលកម្ពុជាទៅកូរ៉េ។  កូរ៉េ ក៏ឯកភាពបង្កើតកូតាពលករកម្ពុជា ទៅធ្វើការនៅកូរ៉េ ។ ក្នុងវិស័យឧស្សហកម្មកូរ៉េបាន បង្កើតកូតា ពី ៥១០០នាក់ ក្នុងឆ្នាំ២០១៥ ដល់ ៦៤០០នាក់ ក្នុងឆ្នាំ​២០១៦។

ការសម្រេច របស់ភាគីទាំងពីរបាន ធ្វើឡើង នៅក្នុងកិច្ចប្រជុំ គណៈកម្មការចម្រុះនៃព្រះរាជាណាចក្រកម្ពុជា-កូរ៉េ លើកទីបី( The Third Meeting Of The Kingdom Of Combodia-Republic Of Korea Joint Comission) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ។ កិច្ចប្រជុំគណៈកម្មការចម្រុះ នៃ ព្រះរាជាណាចក្រកម្ពុជា-កូរ៉េ លើកទីបីនេះ មានការចូលរួមពីលោក ឡុង វីសាលោ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការជាតិ  និងលោក លីម ស៊ុងណាម អនុរដ្ឋមន្រ្តីទី១ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ និងជាសហប្រធាន។ នេះបើយោងតាងសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការ ជាតិ ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៦នេះ។

កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរាជរដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ ក្នុងការចរចាសម្រេចនូវការ បង្កើនកូតាពលករកម្ពុជា ខណៈដែលកូរ៉េ បានកាត់បន្ថយកូតា ពលករមកពីប្រទេស​ផ្សេងៗទៀត។

គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន គឺជាប្រទេសទទួលបានជំនួយអភិវឌ្ឍន៍ពីកូរ៉េ ច្រើនជាងគេ ក្នុងលំដាប់ទី៤៕