(សៀមរាប)៖ លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលេីកទី១ របស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ដែលមានការចូលរួមពីប្រធាន អនុប្រធាន ប្រធានផ្នែក ប្រធាន អនុប្រធាន និង ប្រធានរដ្ឋបាល ក្រុង ស្រុកទាំងអស់ក្នុងខេត្តសៀមរាប។

ក្នុងនោះផងដែរ លោក ហ៊ុន ប៉ូគា, លោក សឹង្ហ សំរឹទ្ធិ និងលោក ញ៉ែម សំណាង អនុប្រធាសមាគមចលនាយុវជន បានលេីកឡេីងពីលទ្ធផលការងារសង្គម និង ការងារមនុស្សធម៌កន្លងមក និងលេីកទិសដៅការងារបន្តសម្រាប់ការងារជួយសង្គម និងការងារមនុស្សធម៌ក្នុងក្រុងសៀមរាប និងតាមបណ្តាស្រុកផ្សេងៗក្នុងខេត្តសៀមរាបផងដែរ។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំនាឱកាសនោះ លោក ហ៊ុន ប៉ូគា បានថ្លែងកោតសរសេីរដល់អនុប្រធានសាខាខេត្ត និងប្រធានសាខាក្រុង និងស្រុកព្រមទាំងសមាជិកសមាជិកាទាំងអស់ដែលមានការសហការល្អ ក្នុងការអនុវត្តតួនាទីភារកិច្ចទទួលបានលទ្ធផលល្អក្នុងការងារមនុស្សធម៌ក្នុងខេត្តសៀមរាប និងបន្តខំប្រឹងបន្ថែមដេីម្បីឱ្យសាខាខេត្តសៀមរាប មានការរីកចម្រើនទៅមុខ និងបន្តកៀរគរសប្បុរសជនជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន មន្ត្រីរាជការ ដើម្បីចូលរួមជាវិភាគទានទ្រទ្រង់គាំទ្រសកម្មភាពសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងជួបនូវបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ និងជួបនូវគ្រោះមហន្តរាយផ្សេងៗទៀត ដែលអាចកើតមានឡើងជាយថាហេតុ។

លោក ហ៊ុន ប៉ូគា បានដោះស្រាយនូវសំណួរ និង សំណូមពរមួយចំនួនពីសមាជិកនានាផងដែរ ហេីយបានមានមតិផ្តាំផ្ញេី ក៏ដូចជាក្រេីនរំលឹកដល់សមាជិកសមាជិកាទាំងអស់ឱ្យថែរក្សា សុខភាព និងរក្សាអនាម័យ ហេីយចូលរួមអនុវត្តតាមប្រសាសន៍របស់សម្តេច (៣ការពារ ៣កុំ) ឱ្យបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ៕