(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានស្នើទៅភាគីសឹង្ហបុរីជួយជំរុញលើការនាំផលិតផលកសិកម្មរបស់កម្ពុជា ទៅចែកចាយលើទីផ្សារក្នុងប្រទេសសឹង្ហបុរី។

សំណើរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលលោកអនុញ្ញាតឱ្យលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនលោកស្រី ចំពោះការទទួលបានការតែងតាំងពីរដ្ឋាភិបាលសឹង្ហបុរី ជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ លោករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញក្តីសោមនស្សរីករាយ និងការប្តេជ្ញាចិត្ត ចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី និងលោកស្រីអគ្គរដ្ឋទូត ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាពាណិជ្ជកម្មក្នុងតំបន់ផងដែរ។

លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីសក្តានុពលនៃផលិតផលកសិកម្មកម្ពុជា មានជាអាទិ៍ ស្វាយ ចេក មៀនប៉ៃលិន ម្រេចកំពត ទុរេន ដូង ស្រកានាគ និងអង្ករ។ លោករដ្ឋមន្ត្រី បានស្នើឱ្យភាគីសឹង្ហបុរី ជួយសម្របសម្រួលជាមួយក្រុមហ៊ុនរបស់សឹង្ហបុរី ក្នុងការនាំចូលផលិតផលកសិកម្មពីកម្ពុជា ក៏ដូចជាធ្វើការផ្គូផ្គងធុរកិច្ចរវាងកម្ពុជា និងសឹង្ហបុរីដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនៅក្នុងអាស៊ាន។

លោក ប៉ាន សូរស័ក្តិ ក៏បានជម្រាបពីការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិន ជាពិសេសកិច្ចការពារកម្មសិទ្ធិបញ្ញា។ ក្នុងនោះលោករដ្ឋមន្ត្រី ក្នុងនាមជាប្រធាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាបានជំរុញឱ្យមានការអនុវត្តច្បាប់យ៉ាងជាក់លាក់ ត្រូវការពារនូវម៉ាក ពាណិជ្ជនាមរបស់ក្រុមហ៊ុនបរទេសធំៗ ដើម្បីជាការលើកទឹកចិត្តឱ្យមានការវិនិយោគនៅកម្ពុជា។ ជាមួយនោះក្រសួងពាណិជ្ជកម្មក៏បានជំរុញការបង្កើតអត្តសញ្ញាណផលិតផលជាតិ ដូចជាផលិតផលសម្គាល់ភូមិសាស្ត្រ ម៉ាកសមូហភាព និងម៉ាកវិញ្ញាតកម្ម ដើម្បីផ្សព្វផ្សាយទៅពិភពលោកឱ្យបានស្គាល់។

លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរៀបចំលក់ចំណីអាហារតាមចិញ្ចើមផ្លូវរបស់សឹង្ហបុរី ហើយក៏បានស្នើសុំឱ្យភាគីសឹង្ហបុរីផ្ដល់នូវគំរូល្អៗ ក្នុងការរៀបចំការលក់ដូរបែបនេះ ដើម្បីជាការផ្ដួចផ្ដើមអភិវឌ្ឍន៍វិស័យសហគ្រាសមីក្រូ តូច និងមធ្យម ក៏ដូចជាប្រភពចំណូលដល់ប្រជាជន។

នាឱកាសនោះ លោករដ្ឋមន្ត្រី និងលោកស្រីអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពពាក់ព័ន្ធពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់។ ជាពិសេសលោកស្រីអគ្គរដ្ឋទូត ក៏បានបង្ហាញ និងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការទទួលតួនាទីធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ និងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ហើយក៏បានជម្រាបជូនថា សឹង្ហបុរីនឹងបន្តសហការជាមួយកម្ពុជាក្នុងនាមជាមិត្តជិតស្និទ្ធមួយលើការងារទាំងអស់ដែលបានលើក។

លោករដ្ឋមន្រ្តី និងលោកស្រីអគ្គរដ្ឋទូត បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធលើគ្រប់វិស័យ ជាពិសេសការបន្តជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ប្រទេសសឹង្ហបុរី ជាដៃគូពាណិជ្ជធំមួយនៅក្នុងតំបន់សម្រាប់កម្ពុជា។ ក្នុងឆ្នាំ២០២០កន្លងទៅ ទោះបីស្ថិតក្នុងបរិបទនៃវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩យ៉ាងណាក្តី តែពាណិជ្ជកម្មរវាងកម្ពុជា និងសឹង្ហបុរី សម្រេចបានជាង ៣០៨លានដុល្លារអាមេរិក។ កម្ពុជានាំចេញទៅសឹង្ហបុរី មានជាង ៨៧លានដុល្លារ ហើយនាំចូលពីសឹង្ហបុរីជាង ២២១លានដុល្លារ៕