(កណ្តាល)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំស្តីពីការពង្រឹងបន្ថែម លើការងារគ្រប់គ្រងមុខសញ្ញា តាមប្រព័ន្ធ Computer ដោយមានមន្ត្រីនគរបាលជំនាញ យុត្តិធម៌ជាច្រើនរូបចូលរួម ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅពេញមួយថ្ងៃក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក មួង ឃីម អនុប្រធាននាយដ្ឋាន កណ្តាលនគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌។

លោកឧត្តមសេនីយ៍ឯក មួង ឃីម បានថ្លែងថា ការងារគ្រប់គ្រងមុខសញ្ញាតាមប្រព័ន្ធComputerនេះ ក្រុមការងារនាយដ្ឋាន បានយកខេត្តកណ្តាលជាខេត្តគំរូសម្រាប់ រាជធានី-ខេត្តផ្សេងៗទៀត។ ដូច្នេះមន្ត្រីជំនាញទាំងអស់ត្រូវខិតខំប្រឹងប្រែងធ្វើការងារថ្មីនេះឲ្យបានល្អប្រសើ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងមុខសញ្ញា។

លោកអនុប្រធាននាយកដ្ឋានបានថ្លែងទៀតថា កន្លងមកក្រុមការងារនាយកដ្ឋានបានធ្លាប់ចុះមកបណ្តុះបណ្តាលពីរបៀបគ្រប់គ្រងមុខសញ្ញាតាមប្រព័ន្ធ Computerនេះ ម្តងរួចមកហើយ ដើម្បីឲ្យកាន់តែយកច្បាស់ពីការងារនេះ និងអនុវត្តឲ្យមានប្រសិទ្ធភាពទើបនៅព្រឹកនេះ ក្រុមការងារចុះមកពិនិត្យ និងពង្រឹកការងារនេះបន្ថែមទៀត។

លោកឧត្តមសេនីយ៍ឯក មួង ឃីម បានថ្លែង កោតសរសើរដល់នគរបាលខេត្តកណ្តាល ក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់ អាវុធនាពេលថ្មីៗនេះឈាន ដល់ឃាត់ខ្លួនបានក្រុមចោរប្លន់ដ៏សកម្ម។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា បានស្នើសុំឲ្យក្រុមការងារនាយកដ្ឋាន ពិនិត្យនិងរៀបចំបញ្ជូលទិន្នន័យស្លាកលេខយានយន្ត ព្រមទាំងក្រញ៉ៅដៃទាំង១០ របស់ប្រជាពលរដ្ឋទាំងអស់ចូលទៅក្នុងប្រព័ន្ធ Computer របស់ក្រុមការងារនគរបាលយុត្តិធម៌ ដើម្បីងាយស្រួលក្នុងការបង្រ្កាបបទល្មើសផ្សេង៕