(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់បន្ថែមអង្គភាព Fresh News នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលជំនាញ និងនគរបាលស្រុកព្រៃនប់របស់លោក បានធ្វើការស្រាវជ្រាវ រហូតតាមចាប់បក្ខពួក ចំនួន៤នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធការវាយសម្លាប់មន្រ្តីយោធា។ ការ ចាប់ខ្លួន ក្រុមបក្ខពួកទាំង៤នាក់នេះ បានធ្វើឡើងក្រោយពីជនសង្ស័យម្នាក់ គឺជាកូនប្រុសមេភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយកើតហេតុ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់នេះរួមមានទី១-ឈ្មោះ មិន ឆាត អាយុ១៨ឆ្នាំ ទី២-ឈ្មោះ ស៊ីម សីហា អាយុ១៨ឆ្នាំ ទី៣-ឈ្មោះ យ៉ុន យ៉ា អាយុ២១ឆ្នាំ និងទី៤-ឈ្មោះ សុខ ទូ អាយុ២៥ឆ្នាំ ដែលមានទីលំនៅកន្លែងកើត ហេតុមុខរបរកម្មករដូងប្រេង។ សូមបញ្ជាក់ថា នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ មានករណីឃាតកម្មគ្រោងទុកជាមុនមួយបានកើតឡើង នៅភូមិជើងគោក ឃុំជើងគោក ស្រុកព្រៃនប់ ដែលមានជនរងគ្រោះឈ្មោះ មិត្ត វិចិត្ត អាយុ២៦ឆ្នាំ មុខរបរជាយោធា រស់នៅបច្ចុប្បន្នក្រុមទី៨ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់។

ជនរងគ្រោះ បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យដោយមានស្លាកស្នាមនៅលើកញ្ចឹងកផងដែរ។ សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យរួចមកនោះ។ ដោយឡែក នៅកន្លែងកើតហេតុសមត្ថកិច្ច បានប្រមូលដំបងជ្រុងប្រវែង១៤០cm ស្បែកជើងផ្ទាត់ពណ៌ក្រហមចំនួន៣គូរ និងមួយចំហៀងខាងស្តាំ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់មកធ្វើការសាកសួរ ឈ្មោះ អោក គឹមហួរ អាយុ២១ឆ្នាំ មុខរបរមិនច្បាស់លាស់ទីលំនៅភូមិកើតហេតុ ដែលត្រូវជាកូនលោកមេភូមិជើងគោ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុនោះ មានរៀបចំពិធីការកូនអ្នកភូមិហើយក៏ឃើញមានការវាយតប់គ្នា លុះយប់ជ្រៅបន្តិចក៏នាំគ្នារំសាយចេញពីរោងការស្រាប់តែមានការប្រតាយប្រតប់គ្នា ដោយដៃ និងដំបងម្តងទៀតបណ្តាលឲ្យជនរងគ្រោះដួលដេកលើដី ហើយត្រូវក្រុមជនបង្ករត់ចែកផ្លូវគ្នាតែម្តង។

ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋាន ក៏បានស្រាវជ្រាវរហូតតាមចាប់ឃាត់ខ្លួនជនបង្កនេះភ្លាមៗផងដែរ។ នៅរសៀលថ្ងៃនេះ នគរបាលស្រុកព្រៃនប់ កំពុងបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅកាន់ស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការតាមច្បាប់៕