(ស្វាយរៀង)៖ កម្លាំងអាវុធហត្ថ ការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថក្រុងបាវិត ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ មេបញ្ជាការអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ត្រី សាន វុទ្ធី នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ បានបន្តប្រតិបត្តិការចុះបង្ក្រាប និងចាប់ខ្លួនជនជួញដូរគ្រឿង៤នាក់ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

មន្រ្តីអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការចុះបង្ក្រាប មុខសញ្ញាជួញដូរគ្រឿងញៀនខាងលើនេះ កម្លាំងបានដកហូតថ្នាំ៨កញ្ចប់ថ្នាំគ្រាប់ពណ៌លឿង២គ្រាប់ ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ២គ្រឿងផងដែរ។ ជនសង្ស័យទាំង៤នាក់រួមមានទី១-ឈ្មោះ វ៉ាង មិនវឿង អាយុ២៥ឆ្នាំ ទី២-ឈ្មោះ ចាំង អិនតាំង អាយុ២២ឆ្នាំ ទី៣-ឈ្មោះ ង្វៀង ហាងវឿង អាយុ២៦ឆ្នាំ និងទី៤-ឈ្មោះ ផាម ហ៊ូតាយ អាយុ១៩ឆ្នាំ។

បើតាមមន្រ្តីអាវុធហត្ថ ក្រោយមានបញ្ជាពីលោកឧត្តមសេនីយ៍មេបញ្ជាការរួចមកលើការពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាននោះ កម្លាំងអាវុធ ជំនាញ និងមូលដ្ឋានបានចុះល្បាត រហូតឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំង៤នាក់តែម្តង។ ក្រោយការចាប់ខ្លួនជនសង្ស័យទាំងនេះ ត្រូវបាននាំខ្លួនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីចាត់ការបន្តទៀត៕