(បន្ទាយមានជ័យ)៖ តំណាងភាគីកម្ពុជា-ថៃ នៅរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ បានបើកប្រជុំពិភាក្សា អំពីការបើកច្រកថ្មីមួយទៀតសម្រាប់អ្នករុញរទេះ និងរថយន្តដឹកទំនិញ នៅតំបន់​ច្រកអន្តរជាតិ​ប៉ោយប៉ែត។

លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បាននិយាយថា ភាគីកម្ពុជា-ថៃ គឺក្នុងគោលបំណងបើកច្រករណបនៅខាងជើងច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រមាណ១.២០០ម៉ែត្រ ដែលស្ថិតភូមិ​សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លោកថា ការបើកច្រកថ្មីនេះ ដើម្បីជៀសវាងផលប៉ះពាល់សម្រាប់ការតភ្ជាប់ឧបករណ៍ផ្លូវរថភ្លើងការកែរច្នៃបញ្ហាការចរាចរ បញ្ហាបរិស្ថាន ដោយ​សារតែរថយន្តដឹកត្រី មានក្លិនស្អុយ និងបញ្ហារៀបចំវិន័យសុវត្ថិភាពអនាម័យ។

លោក គោស៊ុំ សារឿត បានដាក់វិធានការដល់អាជ្ញាធរស្រុក-ក្រុង ជាប់ជាយដែននិងសមត្តកិច្ច ព្រមទាំងកងកម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែន ត្រូវមានវិធានបិទច្រករបៀងខុសច្បាប់ ត្រូវទប់ស្កាត់​បទល្មើស​ឆ្លងដែនខុសច្បាប់ជួញដូរគ្រឿងញៀន ជួញដូរអាវុធខុសច្បាប់ ជួញវត្ថុបូរាណខុសច្បាប់ និងទំនិញគេចពន្ធខុសច្បាប់ និងពលករចំណាក់ស្រុកខុសច្បាប់។

សូមជំរាបថា ក្នុងកិច្ចប្រជុំនេះ ភាគីថៃបានលើកឡើងពី បញ្ហា២ចំណុច ទី១ បើកច្រករណប ក្រុងប៉ោយប៉ែត និងទី២ បញ្ហាបើកច្រកទ្វារនៅភ្នំឆ័ត្រ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ អាជ្ញាធរកម្ពុជា បាននិយាយថា បញ្ហាទាំងអស់នឹងធ្វើរបាយការណ៍ ទៅកាន់ក្រសួងមហាផ្ទៃជាមុនសិន។

ក្រោយពីកិច្ចពិភាក្សាគ្នារួចរាល់ ភាគីទាំង២បានចុះត្រួតពិនិត្យទីតាំងច្រករណបជាក់ស្តែង ដើម្បីអោយដឹងថា មានភាពលំបាក ឬងាយស្រួលដល់ពលរដ្ឋប្រទេសទាំង២ផងដែរ៕