(ភ្នំពេញ)៖ ក្រុមនិស្សិត ដែលបានធ្វើសកម្មភាពស្វែងរកការពិតលើសំឡេង នៃរឿងអាស្រូវស្នេហារវាងលោក កឹម សុខា សមាជិករដ្ឋ​សភា និង​ជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជាមួយនារីឈ្មោះ ខុម ចាន់ដារាទី ហៅស្រីមុំ​ បានប្រកាសបង្ហាញជំហរថា ក្រុមខ្លួន​នៅតែទាមទារឲ្យលោក កឹម សុខា ចេញមកបញ្ជាក់ការពិតទៅលើសាសំឡេង ដែលបែកធ្លាយ ហើយបើលោក កឹម សុខា នៅតែព្យាយាម​ធ្វើមិនដឹងមិនឮទៀត ពួកគេនឹងដាក់ញត្តិស្នើរដ្ឋសភាកោះហៅលោក កឹម សុខា បំភ្លឺលើរឿងនេះ។

ក្រុមនិស្សិត នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ បានបើកសន្និសីទព័ត៌មានមួយបង្ហាញថា សំឡេងសាសងរវាងលោក កឹម សុ​ខា និង​កញ្ញាស្រីមុំ ដែលបានបែកធ្លាយ គឺជាសំឡេងដើមពិត ១០០ភាគរយ ដោយគ្មានការកាត់ត ឬ​កែច្នៃនោះឡើយ។

ការអះអាងរបស់ក្រុមនិស្សិត បានធ្វើឡើងបន្ទាប់ពីពួកគេបានពិនិត្យ និង ប្រើបច្ចេកវិទ្យាផ្ទៀងផ្ទាត់ទៅលើរលកសំឡេងរបស់ស្រីមុំ ​ដែលបានបែកធ្លាយ និងសំឡេងរបស់ស្រីមុំ ដែលនិយាយ​នៅខាង​ក្រៅ គឺមានរលកសំឡេងដូចគ្នា មិនមានការកែច្នៃនោះឡើយ។  ការអះអាងរបស់ក្រុមនិស្សិត ក៏បានយោងទៅលើការបញ្ជាក់របស់ថៅកែហាងកាត់សក់ និង មិត្តភក្តិរួមការងាររបស់ស្រីមុំ ជាច្រើន​ទៀតថា សំឡេង ដែលបែកធ្លាយ​គឺពិតជារបស់ស្រីមុំ។

តែទោះជាយ៉ាងណា ក្រុមនិស្សិត​បានសម្តែងការសោកស្តាយខ្លាំង បន្ទាប់ពីកញ្ញាស្រីមុំ មិនព្រមទទួលស្គាល់សំឡេងរបស់ខ្លួន ហើយ​ពួកគេក៏បានប្តឹងស្រីមុំ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញផងដែរ ពីបទឆបោក។

បើទោះបីស្រីមុំ ច្រានចោលសំឡេងរបស់ខ្លួន ក៏ក្រុមនិស្សិតនៅតែទទូចឲ្យលោក កឹម សុខា ចេញមុខបញ្ជាក់ការពិតទៅលើខ្សែអាត់​​សំឡេង ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ របស់លោក កឹម សុខា ផ្ទាល់ក្នុង​នាមជា​តំណាងរបស់ប្រជាពលរដ្ឋ នៃស្ថាប័នកំពូលរបស់ជាតិ ក៏  ដូចជាភាពស្អាតស្អំរបស់ ស្រីមុំ ដែលជានារីខ្មែរផងដែរ។

ក្រុមនិស្សិតបានបញ្ជាក់ថា រឿងអាស្រូវ ដែលកំពុងកើតមានលើលោក កឹម សុខា វាមិនមែនជារឿងធម្មតា ឬ តូចតាចនោះឡើយ គឺកំ​ពុងជះឥទ្ធិពល និងប៉ះពាល់ធ្ងន់ដល់សីលធម៌របស់ខ្មែរ ហើយក៏ជា​គំរូ​មិនល្អមួយនៅក្នុងសង្គម ដែលទាមទារឲ្យមានការបញ្ជាក់ឲ្យបាន​ច្បាស់លាស់។

លោក ម៉ី ម៉េងសៀ បានថ្លែងដូច្នេះ «លោកជាបុគ្គលមួយរូប លោកជាបុគ្គលម្នាក់ ដែលមានអាសនៈនៅរដ្ឋសភា ហើយជាតំណាងឲ្យ ប្រជាពលរដ្ឋ បែរជាលោកមានស្នេហា ដែលយើង​អាចប្រើ​ពាក្យអាក្រក់ថា ស្នេហាលួចលាក់ ផ្លូវភេទផ្សេងៗជាដើម ដែលមានការបែក ធ្លាយខ្សែអាត់សំឡេង។ វាជាការជះឥទ្ធិពលអាក្រក់​ទៅដល់សង្គមរបស់យើង​យ៉ាងខ្លាំងមែនទែន ដែលខ្ញុំគិតថា រឿងនេះគឺជារឿងធំ​ មិនមែនរឿងតូចដូចបងប្អូនគិតទេ»

ក្រុមនិស្សិត ក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យជួយស្វែងរកពន្លឺការពិតទៅលើសំឡេងនេះ ហើយប្រសិនបើពន្លឺ នៃការ​ពិតនៅតែគ្មាន ហើយ​លោក កឹម សុខា នៅតែមិនឆ្លើយបំភ្លឺ ពួកគេនឹង​ដាក់​ញត្តិទៅកាន់រដ្ឋសភា ស្នើឲ្យកោះអញ្ជើញលោក កឹម សុខា ​បំភ្លឺទៅលើរឿងនេះ។

តំណាងនិស្សិត លោក ម៉ី ម៉េងសៀ «ឥឡូវនេះយើងអត់ដល់រដ្ឋសភានៅឡើយទេ យើងនៅក្នុងចំណាត់ការមួយឲ្យឯកឧត្តម (កឹម សុ​ខា) ឆ្លើយទៅនឹងញត្តិរបស់យើងសិន។ បើឯក​ឧត្តមអត់ឆ្លើយទេ គាត់នៅតែបដិសេធ មិនឆ្លើយ មិនឆ្លង មិនឈ្លោះ យើងនឹងស្វែងរក ​ការគាំពារពីស្ថាប័នមានសមត្ថកិច្ចឲ្យជួយ​ជំរុញរកការពិត​លើខ្សែអាត់សំឡេងហ្នឹង។ បើនៅតែ​គ្មានពន្លឺទេ​យើងនឹងមិនឈប់ ហើយ​ឈានទៅដល់ដំបូល ដែលគាត់ជ្រក ខ្ញុំនឹងឈានដល់ដំណាក់កាលរដ្ឋសភា បើគាត់មិនធ្វើការឆ្លើយតប ព្រោះយើងចង់ដឹងការពិត»

ក្រុមនិស្សិត ក៏បានបញ្ជាក់ផងដែរថា អ្វីដែលពួកគេកំពុងធ្វើមិនមានបក្សនយោបាយណាមួយនៅពីក្រោយខ្នងនោះឡើយ ពួកគេធ្វើ​ដោយចង់ឲ្យមេដឹកនាំចេះទទួលស្គាល់នូវការពិត ហើយទទួល​ខុសត្រូវទៅលើកំហុសរបស់ខ្លួន។

លោក ម៉ី ម៉េងសៀ បានបន្ថែមថា «ព្រោះយើងចង់ឲ្យមេដឹកនាំមួយ ចេះទទួលខុសត្រូវទង្វើ ដែលខ្លួនធ្វើ​ចុះថ្ងៃហ្នឹងគាត់អត់ទទួលផង ថ្ងៃក្រោយ​បើគាត់ធ្វើជាបុគ្គលសំខាន់​មួយរូបដឹក​នាំប្រទេសជាតិទាំងមូល សួរថា ឯកឧត្តមទទួលខុសត្រូវអត់? រឿងប៉ុណ្ណឹងគាត់អត់ ទទួលខុសត្រូវផង ចុះទម្រាំរឿងជាតិធំៗទៀត តើគាត់ទទួលខុសត្រូវ ឬអត់ ឬយើងចង់បានមេដឹក​នាំបែបហ្នឹងតទៅទៀត? ឬ យើង​ចង់ឲ្យមេដឹកនាំគ្រប់រូបធ្វើអីតាមអំពើចិត្ត»

សូមបញ្ជាក់ថា រយៈពេលជាង ១០ថ្ងៃមកហើយ ខ្សែអាត់សំឡេង នៃរឿងអាស្រូវស្នេហា ក៏ដូចជាទំនាក់ទំនងផ្លូវភេទរវាងលោក កឹម ​សុខា និង​នារីជាច្រើននាក់ ត្រូវបានគេទម្លាយនៅលើទំព័រ Facebook ឈ្មោះ «រឿងពិត CNRP» ជាបន្តបន្ទាប់។ ខ្សែអាត់សំឡេង កំពុងធ្វើឲ្យសាធារណជនជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោតគាំទ្រលោក កឹម សុខា មានការមន្ទិលសង្ស័យយ៉ាងខ្លាំង ដោយពួកគេ​មិនអាច​រកឃើញថា ខ្សែអាត់សំឡេងនេះ​ជារឿងពិត ឬយ៉ាងណា?។ មានសាធារណជនទូទៅ ចង់ឲ្យមានការបញ្ជាក់ឲ្យ បានច្បាស់​ពីលោក កឹម សុខា ដែលជាសាម៉ីខ្លួនពាក់ព័ន្ធនៅក្នុងរឿងនេះ។

ប្រសិនការពិតដូចជាខ្សែអាត់សំឡេង ដែលបានទម្លាយមែននោះ លោក កឹម សុខា នឹងត្រូវក្លាយជាតំណាងរាស្រ្តមួយរូប​បានធ្វើឲ្យ  ប៉ះពាល់ធ្ងន់ធ្ងរទៅដល់ភាពថ្លៃថ្នូរ និងក្រមសីលធម៌​របស់ប្រទេសជាតិ។ ជាពិសេសលោក បានប្រព្រឹត្តខុសទៅនឹងច្បាប់ឯកព័ន្ធភាព  នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា បុរស-នារី ត្រូវមានប្រពន្ធមួយ ប្តីមួយ។

មាត្រា៧ នៃច្បាប់ឯកព័ន្ធភាព បានចែងថា បុរស-ស្រ្តី នឹងត្រូវចោទថា «ផិត» នៅពេលបុរស ដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់ រលាយ ហើយទៅរួមសេវនកិច្ចជាមួយស្រ្តីដទៃ ឬស្រ្តី ដែលមានចំណង​អាពាហ៍ពិពាហ៍​មិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយ បុរសដទៃ។

មាត្រា៩ បានកំណត់ថា ជនដែលប្រព្រឹត្តល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ​១ឆ្នាំ និង​ពិន័យជាប្រាក់ពី ២០​ម៉ឺនរៀល ដល់​១លានរៀល៕