(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌឫស្សីកែវក្រោមការដឹកនាំពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ បានចុះអនុវត្តត្រួតពិនិត្យ និងផ្អាកអាជីវកម្មបូមខ្សាច់មួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដែលអាចប្រឈមការបិទអាជីវកម្មថែមទៀតផង បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋ ជាពិសេសេអាជីវកម្មបូមខ្សាច់មួយកន្លែងនេះ ខុសបច្ចេកទេសដោយមិនអនុវត្ត តាមគោលការស្តង់ដា ណែនាំរបស់អាជ្ញាធរថ្នាក់មូលដ្ឋាន ក៏ដូចជាគោលការស្តង់ដាណែនាំរបស់សាលារាជធានីភ្នំពេញដែលបានដាក់ជូន។

អភិបាលរងខណ្ឌឫស្សីកែវទទួលបន្ទុកសណ្ដាប់ធ្នាប់សាធារណៈ លោក កូប ស្លេះ បានបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌរួចមក លោកបានបន្តអនុវត្តដោយបានអញ្ជើញម្ចាស់អាជីវកម្មបូមខ្សាច់ មានទាំងរថយន្ដដឹកដី ដឹកខ្សាច់ខាងលើមកអប់រំណែនាំកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងមកថ្មីៗនេះ ម្ដងរួចមកហើយ ដោយឡែកម្ចាស់អាជីវកម្មមិនបានធ្វើតាមការណែនាំ របស់អាជ្ញាធរមូលដ្ឋានឡើយ។

លោក កូប ស្លេះ បានបញ្ជាក់ ទៀតថា ម្ចាស់អាជីវកម្មបូមខ្សាច់ខាងលើនេះ មិនបានអនុវត្តតាមគោលការស្តង់ដាដែលអាជ្ញាធរមូលដ្ឋានបានដាក់ជូនទេដូចជា ទី១-ធ្វើយ៉ាងណាមិនត្រូវឲ្យមានដក់ទឹកនៅលើដងផ្លូវសាធារណៈរបស់រដ្ឋ ត្រូវកាយបង្ហូរឲ្យអស់ចេញពីផ្លូវ ទី២-ត្រូវមានអាងស្តុបទឹកសម្រាប់លាងឡាន មុនបើករថយន្ដដឹកដីដឹកខ្សាច់ ចេញពីដេប៉ូមកផ្លូវជាតិដើម្បីជៀសវាងការជ្រុះដីធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ និងទី៣-នៅខាងមុខអាជីវកម្មបូមខ្សាច់នីមួយៗ ត្រូវតែសម្អាត។ លោកអភិបាលរងខណ្ឌឫស្សីកែវ បានបន្តទៀតថា ប្រការទាំង៣ចំណុចសំខាន់ៗខាងលើនេះ ម្ចាស់អាជីវកម្មបូមខ្សាច់នីមួយៗ មិនបានធ្វើតាមការណែនាំរបស់អាជ្ញាធរឡើយ។

លោកបានបន្តថា «បើនៅតែដូច្នេះលោក នឹងចាត់វិធានការស្នើទៅអភិបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធីធ្វើសំណើសុំបិទអាជីវកម្មបូមខ្សាច់នោះចោល និងដើម្បី ព្រមានដល់អាជីវកម្មបូមខ្សាច់ដ៏ទៃទៀតដែលមិនបានអនុវត្តតាមគោលណែនាំរបស់អាជ្ញាធរ ជាពិសេសជាងនេះទៅទៀតនោះ គឺដើម្បីជៀសវាងការលើកឡើង ឫរិះគន់ពីសំណាក់ប្រជាពលរដ្ឋ»។

ជាចុងក្រោយ លោក កូប ស្លេះ បានបញ្ជាក់ថា «ម៉ោងនេះពេលនេះ សុខទុក្ខ និងសុខភាព រួមទាំងការលើកឡើងរបស់ប្រជាពលរដ្ឋ គឺសំខាន់បំផុតសម្រាប់អាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវ»៕