(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌចំការមន បានចុះពិនិត្យទីតាំងខុនដូរមួយកន្លែង ដែលបានរំលោភយកចិញ្ចើមផ្លូវសាធារណ: សាង់សង់ជាគ្រឺះរឹងមាំ សំរាប់ដាក់ម៉ាស៊ីនភ្លៀងធំ ប្រើប្រាស់ក្នុងខុនដូរប្រយោជន៍ផ្ទាល់ខ្លួន។

ការចុះពិនិត្យនេះនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ស្ថិតនៅលើដីឡូលេខ១២៣ ផ្លូវលេខ១០៣ កែង៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

មន្ត្រីរដ្ឋបាលខណ្ឌចំការមន បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋថា អគារខុនដូរបានរំលោភយកដីចិញ្ចើមផ្លូវ ធ្វើជាទីតាំងសំរាប់ដាក់ម៉ាស៊ីនភ្លើងខ្នាតធំ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឲ្យស្ថានភាពផ្លូវតូចចង្អៀត និងពិបាកធ្វើដំណើរ ក្រុមការងារបានណែនាំឲ្យម្ចាស់ទីតាំង ត្រូវគោរពតាមច្បាប់ និងរំកិលម៉ាស៊ីនភ្លើង ដើម្បីឲ្យត្រូវតាមប្លង់ដោយមិនរំលោភយកចិញ្ចើមផ្លូវសាធារណ:ទៀតឡើយ។

ជាការឆ្លើយតប គេសង្កេតឃើញថា ម្ចាស់ទីតាំង មិនព្រមសហការជាមួយអាជ្ញាធរចំរុះរបស់ខណ្ឌ ដែលចុះអនុវត្តលើការងារឡើយ ព្រមទាំងព្រមានថា នឹងប្តឹងឡើងទៅដល់អភិបាលរាជធានីភ្នំពេញបន្តទៀតផង។

បើតាមលោក អាំង សិរីពិសិដ្ឋ, ជាចុងក្រោយ បើមិនមានការសហការ និងប្រកែកតឹងសរសៃកពីសំណាក់ម្ចាស់ខុនដូរ លោកក៏បានណែនាំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញធ្វើកំណត់ហេតុ ដោយទុករយ:ពេល២សប្តាហ៍ ឲ្យម្ចាស់ខុនដូរ រំកិលម៉ាស៊ីនភ្លើងចូលក្នុង បើមិនដូច្នោះទេ នឹងអនុវត្តវិធានការរដ្ឋបាល។

គួរបញ្ជាក់ថា ម្ចាស់ទីតាំងខុនដូរ ដែលគេស្គាល់ថា ជាមន្ត្រីជំនាញផ្នែកភូមិបាលដឹងច្បាប់តែបំពានច្បាប់ នៅពេលអាជ្ញាធរចុះពិនិត្យ និងធ្វើកំណត់ហេតុ ហាក់មិនសហការជាមួយអាជ្ញាធរ ទោះអាជ្ញាធររកឃើញ ថាបានរំលោភយកដីចិញ្ចើមផ្លូវជិតមួយម៉ែត្រក៏ដោយ និងអះអាងថា នឹងទាក់ទងទៅអភិបាលរាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍មិនរើម៉ាស៊ីនភ្លើងចូលទៅក្នុងនោះឡើយ៕