(ភ្នំពេញ)៖ សហភាពពលកម្មជាតិកម្ពុជា (NLC) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ បានប្រកាសថា ពួកគេ ស្វាគមន៍ និងអាចទទួលយកបាននូវសេចក្តីព្រាង​ច្បាប់ស្តីពីសហជីព និងស្នើសូមឲ្យរដ្ឋសភា​ពិនិត្យ និងអនុម័តឲ្យបានឆាប់ៗ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានប្រកាសបែបនេះ នៅទីស្នាក់ការធំរបស់ខ្លួនស្ថិតនៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លោក សំ សឿន បញ្ជាក់ថា «ដំណើរការពិភាក្សាក្នុងយន្តការត្រីភាគី ចាប់តាំងពីឆ្នាំ២០០៨ រហូតមកអស់ច្រើនលើកច្រើនសារ រួចមកហើយ   នាដំណាក់កាលចុងក្រោយនេះ គណៈកម្មការចំពោះកិច្ច បានសម្រេចលទ្ធផលជាផ្លែផ្កាក្នុងកិច្ចប្រជុំរបស់ខ្លួន»។

មេសហជីពរូបនេះបានថ្លែងទៀតថា ខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះមានទម្រង់ស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិលេខ៨៧ និងលេខ៩៨ ជាពិសេសស្រប​តាមការរីកចម្រើន នៃសេដ្ឋកិច្ចជាតិ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា។ លោក សំ សឿន បន្តថា «សហជីពរបស់ខ្ញុំ សូមគាំទ្រចំពោះការបង្កើតច្បាប់សហជីព និងអនុវត្តយ៉ាងមាន​ប្រសិទ្ធភាព ដើម្បីធានាបាននូវសិទ្ធិសេរីភាព ព្រមទាំងគាំទ្រ ចំពោះការចាត់វិធានការ ចំពោះបុគ្គលទាំងឡាយណា ដែលរើសអើងចំពោះសហជីព ឬយកសហជីពធ្វើជាមធ្យោបាយ​សម្រាប់បម្រើឲ្យ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និងក្រុមរបស់ខ្លួនមិនបម្រើផលប្រយោជន៍ របស់កម្មករនិយោជិត ហើយធ្វើឲ្យប៉ះពាល់ដល់បរិយាកាសវិនិយោគ និងសុខុដុមរមនា​ក្នុងទំនាក់ទំនងវិជ្ជាជីវៈ»

ជាមួយគ្នានេះ មេសហជីពរូបនេះ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់មានអង្គការជាតិ អន្តរជាតិជួយពង្រឹងសមត្ថភាពដល់ភាគីពាក់ព័ន្ធក្នុងការអនុវត្តច្បាប់នេះ។ សូមបញ្ជាក់ថា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាព នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សហជីព នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ បានលើកឡើងថា «រហូតមកដល់ពេលនេះ យើងនៅមិនទាន់មានច្បាប់សហជីពនៅឡើយ។ ការរៀបចំវេទិកា សភាដើម្បីពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពសហជីព ពិតជាមានសារសំខាន់​និងសមស្របនឹងវឌ្ឍនភាព និងការរីកចំរើនរបស់ ប្រទេសកម្ពុជាដែលប្រឈមនឹងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច នៅក្នុងតំបន់ និងលើសកលលោក»

សម្តេចពញាចក្រ ហេង សំរិន បានថ្លែងថា «ខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តដល់សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភាជាពិសេសគណៈកម្មការ​ជំនាញនិងក្រុមការងារ​ចំពោះកិច្ចរបស់​រដ្ឋសភា ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះរាល់មតិយោបល់ សំណូមពរ និងអនុសាសន៍នានាដែលអ្នកចូលរួមទាំងអស់ បានលើកឡើង ដើម្បីយកមកពិនិត្យនិងពិចារណា សម្តៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់ ដ៏មានសារសំខាន់នេះ បម្រើផលប្រយោជន៍ជូនសហជីព កម្មករ និងនិយោជក និយាយដោយឡែក និងនិយាយរួមជូនសង្គមជាតិ»។ សេចក្តីព្រាងច្បាប់សហជីព មានចំនួន ១៧ជំពូក និង១០០មាត្រា ត្រូវបានរៀបចំកែប្រែជាថ្មី ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៦។ ការកែប្រែជាថ្មី២១ចំណុចនេះបានធ្វើឡើងបន្ទាប់ពីក្រុម សហជីពធ្វើការតវ៉ាសម្តែងការមិនពេញចិត្តចំពោះការរៀបចំសេចក្តីព្រាងច្បាប់នេះ។ ពង្រាងច្បាប់សហជីពនៅកម្ពុជាចុងក្រោយនេះ ត្រូវបានឯកភាពពីគណៈរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕