(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម ក្នុងរោងចក្រខាលីងតុន (ខាមបូឌា) ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃជាបណ្ដោះអាសន្ន ក្រោយរកឃើញកម្មករ កម្មការិនីឆ្លងជំងឺកូវីដ១៩ជាបន្ដបន្ទាប់។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការបិទទីតាំងរោងចក្រនេះ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម។

សូមជម្រាបថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ១៩ បាននិងកំពុងផ្ទុះឡើងនៅតាមបណ្ដារោងចក្រផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តកំពង់ចាម ហើយរដ្ឋបាលខេត្ត ក៏បានសម្រេចបិទទីតាំងដែលមានការសង្ស័យជាបន្ដបន្ទាប់ផងដែរ ខណៈកម្មករ កម្មការិនីជាច្រើននាក់ត្រូវយកសំណាកទៅពិនិត្យ និងតម្រូវឲ្យធ្វើចត្តាឡីស័ក៕