(បន្ទាយមានជ័យ)៖ សពបុរសម្នាក់ត្រូវបានក្មេងទៅដាក់អង្គុបកណ្តុរ ប្រទះឃើញដេកស្លាប់​ផ្កាប់មុខ នៅកណ្តាលវាលស្រែ ដោយមិនដឹងមូលហេតុ នៅល្ងាចថ្ងៃទី១០ ខែមីនាឆ្នាំ២០១៦ នៅចំណុច​វាលស្រែខាងលិច ភូមិចំណោម ប្រហែល៣គីឡូម៉ែត្រ ក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក រស់ សំបូរ មេបញ្ជាការអាវុធស្រុកមង្គលបូរី បានឲ្យដឹងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះថា មុនពេលកើតហេតុ មានក្មេងប្រុសម្នាក់ឈ្មោះ ផៃ ចេតិយ៍ អាយុ១៥ឆ្នាំ រស់នៅភូមិចំណោមកើត ឃុំចំណោម ស្រុកមង្គលបូរី បានទៅដាក់អង្គុបកណ្តុរ នៅវាលស្រែខាងលិច ភូមិចំណោមប្រហែល ៣គីឡូម៉ែត្រ ស្រាប់តែពេលនោះ ក៏បានប្រទះឃើញសពម្នាក់ ដែលមានឈ្មោះ ឈិន ឈឿន អាយុ៣៥ឆ្នាំ រស់នៅភូមិចំណោមកើតឃុំចំណោម ស្រុកមង្គលបូរី បានដេកស្លាប់ផ្កាប់មុខនៅកណ្តាលវាលស្រែ នៅចំណុចកើតហេតុ។ ក្មេងនោះ ក្រោយពីប្រទះឃើញសពហើយក៏បានរាយការណ៍ ទៅសមត្ថកិច្ចឲ្យចុះមកពិនត្យសពនៅកន្លែងកើតហេតុ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះស្លាប់ប្រហែល៥ម៉ោងមកហើយ ប្រហែលដោយជម្ងឺខ្យល់គ ពីព្រោះគ្មានស្លាកស្នាមអ្វីទាំងអស់ នៅលើខ្លួនគ្មានពាក់ព័ន្ធ និងអំពើឃាតកម្មនោះទេ។ សពត្រូវបានក្រុមគ្រួសារយកទៅផ្ទះចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕