(កំពង់ឆ្នាំង)៖ មន្រ្តីសុខាភិបាល និងអាជ្ញាធរ បានបន្តរកឃើញកម្មការិនីរោងចក្រ «ហីរ៉ាយហ្សិន អៅដរ (ខេមបូឌា)» ២នាក់បន្ថែមទៀត វិជ្ជមានកូវីដ១៩ នៅព្រឹកថ្ងៃទី១៩ ខែឧសភា។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ ទៅលើកម្មករកម្មការិនីរោងចក្រខាងលើចំនួន២០នាក់ កាលពីថ្ងៃទី១៧ ខែឧសភា, នៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ អាជ្ញាធរ រួមនិងក្រុមការងារ នៃមន្ទីរសុខាភិបាលខេត្ត បានចុះធ្វើការស្រាវជ្រាវ និងបន្តពិនិត្យសំណាកទៅលើកម្មករកម្មការិនីចំនួន៥៧នាក់បន្ថែមទៀត ក្នុងនោះរកឃើញវិជ្ជមាន២នាក់តែម្តង។

លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានបន្តឲ្យដឹងទៀតថា ឥឡូវនេះអស់ឧបករណ៍ពិនិត្យសំណាកហើយ នៅពេលឧបករណ៍ពិនិត្យសំណាកមកដល់ ក្រុមការងាររបស់លោករួមទាំងអាជ្ញាធរ នឹងបន្តពិនិត្យសំណាកទៅលើកម្មករកម្ម ការិនីបន្ថែមទៀត។ ករណីបើនៅតែបន្តរកឃើញវិជ្ជមានទៀតនោះ ក្រុមការងារនឹងពិនិត្យសំណាកទៅលើកម្មករកម្មការិនីទាំងអស់ ដែលមានចំនួនជាង ៩ពាន់នាក់ ឬក៏ត្រូវបិទរោងចក្រនេះជាបណ្តាះអាសន្នតែម្ដង។

ចំពោះកម្មករកម្មការិនីដែលបានពិនិត្យសំណាកលើកទីមួយជាមួយលទ្ធផលអវិជ្ជមាន ត្រូវឲ្យធ្វើចត្តាឡីស័កតាមផ្ទះ១៤ថ្ងៃ ហើយត្រូវយកសំណាកម្តងទៀតទៅពិនិត្យ។ ដោយឡែកកម្មករកម្ម ការិនីនៅក្នុងរោងចក្រទាំងអស់ ដែលមិនទាន់បានពិនិត្យសំណាក ត្រូវបានអនុញ្ញាតឲ្យនៅធ្វើការដដែលតែពេលទៅដល់ផ្ទះ ត្រូវធ្វើចត្តាឡីស័កខ្លួនឯង ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន «វិធាន៣កុំ និង៣ការពារ»៕