(កោះកុង)៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានសម្រេចឲ្យបើកដំណើរការឡើងវិញ ក្នុងបរិវេណតំបន់វិស្សមកាលតារាសាគរ (ក្រុមហ៊ុន យូញៀន) នៅស្រុកគិរីសាគរ ក្រោយបិទមួយរយៈដោយសារពាក់ព័ន្ធជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់អភិបាលខេត្ត ផ្ញើទៅកាន់អគ្គនាយកក្រុមហ៊ុន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

អភិបាលខេត្តកោះកុង បានបញ្ជាក់ថា ដោយមានកិច្ចសហការ គាំទ្រយ៉ាងល្អពីសំណាក់ក្រុមហ៊ុន ក្រុមគ្រូពេទ្យ និងក្រុមការងារខេត្ត ស្រុក ឃុំ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ធ្វើឲ្យអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំងអស់បានជាសះស្បើយ ដោយឡែកបុគ្គលដែលបានធ្វើចត្តាឡីស័កទាំងអស់ ក៏បានអនុវត្តចប់សព្វគ្រប់ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

រដ្ឋបាលខេត្តកោះកុង អនុញ្ញាតឲ្យបើកដំណើរការឡើងវិញទាំងស្រុង ក្នុងបរិវេណតំបន់វិស្សមកាលតារាសាគរ (ក្រុមហ៊ុន យូញៀន) ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១តទៅ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តស្នើឲ្យបុគ្គលិកទាំងអស់ បន្ដអនុវត្តវិធានការអនាម័យ និងវិធានការ ៣ការពារ និង៣កុំ ជាប្រចាំ៕