(​មូ​ស្គូ​)៖ ប្រទេស​រុស្ស៊ី នឹង​នាំយក​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល S-300 គម្រោង​ទី​មួយ​ទៅ​បំពាក់​ឲ្យ​ប្រទេស​អ៊ីរ៉ង់ នៅ​អំឡុង​ខែ​សីហា ឬ​កញ្ញា ឆ្នាំនេះ តប​តាម​កិច្ចព្រមព្រៀង​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ ដែល​មាន​តម្លៃ ៨០០​លាន​ដុល្លារ​អាមេរិក ចាប់តាំងពី​ឆ្នាំ ២០០៧ មកម្ល៉េះ​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​មីនា ឆ្នាំ ២០១៦​។​

​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល​ខាងលើនេះ នឹង​ត្រូវ​បញ្ជូន​ទៅ​អ៊ីរ៉ង់ ចំនួន​ប្រាំ​លើក​។ តាមពិត​ទៅ​ការបញ្ជូន​លើកដំបូង បាន​គ្រោង​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ កន្លងទៅ​នេះ​ប៉ុន្តែ​ត្រូវបាន​ខកខាន​ដោយ​តែ រុស្ស៊ី ជួបប្រទះ​បញ្ហា​ក្នុង ការដឹកជញ្ជូន​តាម​នា​វា ដែល​បាន​តម្រូវឲ្យ​មាន​ការពន្យាពេល​បន្ថែមទៀ​ត​។

​ប៉ុន្តែ​រហូតមកដល់​ខែ​មេសា ឆ្នាំ ២០១៥ លោក​ប្រធានាធិបតី វ្លា​ឌី​មៀ ពូ​ទីន បាន​ដក​ទណ្ឌកម្ម​នោះ​ចេញ​វិញ បន្ទាប់​ពី​អ៊ីរ៉ង់ បាន​អនុវត្ត​ទៅតាម​ដំណោះស្រាយ​របស់​យូ​អិន​។ ចំពោះ​ប្រព័ន្ធ S-300 ឬ SA-10 ត្រូវបាន​ប្រើ ប្រាស់​ដោយ​អតីត​សហភាពសូវៀត​កាលពី​ឆ្នាំ ១៩៧៩ ដើម្បី​ការពារ​ប្រទេស​នេះ ពី​ការវាយប្រហារ​ដោយ​យន្តហោះ ចម្បាំង និង​មី​ស៊ី​ល​រំលង​ទ្វីប​។​

​គួរបញ្ជាក់​ថា កាលពី​ខែ​កញ្ញា ឆ្នាំ ២០១០ លោក​អតីត​ប្រធានាធិបតី​រុស្ស៊ី ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ (Dmitry Medvedev) បាន​លុបចោល​កិច្ចព្រមព្រៀង​ខាងលើនេះ ដើម្បី​ឆ្លើយតប​តាម​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ដែល​ហាម​មិន​ឲ្យ​ប្រទេស​ណា​ក៏​ដោយ​ពាក់ព័ន្ធ​រឿង​លក់​សព្វាវុធ​ឲ្យ​អ៊ីរ៉ង់​៕