(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ អង្គភាពជំនាញ បន្តធ្វើការបង្ក្រាបបទល្មើស ដោយជំហ៊ានដំបូងត្រូវប្រមូលឧបករណ៍នេសាទខុសច្បាប់ទាំងអស់យកមកបំផ្លាញចោល និងធ្វើការអប់រំប្រជានេសាទ ឲ្យអនុវត្តច្បាប់ជលផល ប្រសិនបើនៅតែមានករណីបទល្មើសកើតឡើង ត្រូវអនុវត្តវិធានការច្បាប់ ឱ្យបានម៉ឺងម៉ាត់បំផុត។

ការស្នើឡើងបែបនេះ ខណ:លោក ជាវ តាយ ដឹកនាំកិច្ចប្រជុំរៀបចំសេចក្តីសម្រេចទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពត នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួមពីលោកអភិបាលរងខេត្ត ជួរដឹកនាំកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជំនាញ លោកអភិបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធ។

លោកអភិបាលខេត្ត ជាវ តាយ បានលើកឡើងថា ការរៀបចំសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទលើ្មសជលផលគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តកំពត នាពេលនេះគឺជាយន្តការមួយសម្រាប់ការ គ្រប់គ្រង ធនធានជលផល និងការបង្រ្កាបបទល្មើសនេសាទ ប្រកបដោយប្រសិទ្ធភាព។

លោក ជាវ តាយ បានស្នើអភិបាលរងខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ពិនិត្យមើលមធ្យោបាយ ធនធានសម្រាប់បម្រើឲ្យការបង្រ្កាបបទល្មើសជលផល ដើម្បីឲ្យការងារនេះទទួលបានជោគជ័យ និងផ្លែផ្កា៕