(​តូ​ក្យូ​)៖ ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​មីនា ឆ្នាំ​២០១៦​នេះ បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​៥​ឆ្នាំ នៃ​ការវិនាស​អន្តរាយ​ដោយ​រលក​យក្ស​ស៊ូណាមិ ដែល​បណ្តាលឲ្យ​មនុស្ស ១៨,០០០​នាក់ បាត់បង់​ជីវិត ព្រមទាំង​ខូចខាត​ផ្នែក​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​មិន​ទាន់​ត្រូវ​បាន​ស្រោចស្រង់​រួច​នៅឡើយ​ទេ រហូតមកដល់​ពេលនេះ​។ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​ជប៉ុន នៅ​ថ្ងៃ​សុក្រ​។​

​កាលពី​ថ្ងៃ​សុក្រ ទី​១១ ខែ​មីនា ឆ្នាំ​២០១១ គ្រោះធម្មជាតិ​រញ្ជួយ​ដី​កម្រិត​ជាង ៨​រ៉ិ​ចទ័​រ បាន​វាយប្រហារ​តំបន់ឆ្នេរ ភាគ​ឦសាន​ប្រទេស​ជប៉ុន ដែល​បាន​បង្ក​ជា​រលក​យក្ស​ស៊ូណាមិ កម្ពស់ ១៤ ម៉ែត្រ គ្រប​សង្កត់​មក​លើ​ខេត្ត​មួយចំនួន នៅ​បណ្តោយ​ឆ្នេរ​ភាគ​ខាងកើត​នោះ​តែម្តង​។​

​បញ្ហា​ធំធេង​បន្ថែម​ទៀត​នោះ គឺ​ការផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​ហ្វ៊ូ​គូ​ស៊ី​ម៉ា ដែល​បាន​បណ្តាល​ឲ្យ​លេច​ធ្លាយ​សារធាតុ​វិទ្យុ​សកម្ម និង​បាន​បង្ក​វិនាសកម្ម​កាន់តែ​ខ្លាំង​នៅ​តំបន់​នោះ កាលពី ៥​ឆ្នាំមុន​។ សម្រាប់​ពិធី​រំលឹក​ខួប​ដ៏​គួរ​ឲ្យ​សោកសង្វេគ​នេះដែរ ត្រូវ​បាន​ចូលរួម​ដោយ​មន្ត្រី បុគ្គលិក​រដ្ឋ និង​ប្រជាជន​ជាច្រើន នៅ​ក្បែរ​ទីតាំង ដែល​ធ្លាប់បាន​ទទួល​រងគ្រោះ​ដោយសារ​តែ​រលក​យក្ស​ស៊ូណាមិ និង សារធាតុ​វិទ្យុសកម្ម​៕​