(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុក នៅម៉ោង២៖៣០នាទីរសៀល ថ្ងៃទី១១ ខែមីនានេះ ក្រុមនិស្សិតដែលធ្លាប់ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បកស្រាយរឿង​អាស្រូវផ្លូវភេទនោះ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីបកស្រាយបំភ្លឺជុំវិញ «សំឡេងរបស់កញ្ញាកញ្ញា ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ» ឆ្លងជាមួយនឹងលោក កឹម សុខា បញ្ជាក់ឲ្យច្បាស់ថា ជាសំឡេងមនុស្សតែមួយ ទោះបីជាកញ្ញា ស្រីមុំ បានចេញមកបកស្រាយថា «សំឡេង​ខ្សែអាត់ដែល​គេបង្ហោះចោទថា ជាសំឡេងនាងជាមួយលោក កឹម សុខា សាសងរឿងស្នេហាគ្នា» មិនមែនជាសំឡេង​របស់នាងក៏ដោយ។

លោក ស្រី ចំរើន តំណាងក្រុមនិស្សិតមួយក្រុម ដែលរៀបចំសន្និសីទកាសែតនេះ ធ្លាប់បានប្រាប់ អង្គភាព Fresh News ថា  ពួកគេមានបច្ចេកទេស និងភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា «ស្រីមុំ» ​បដិសេធ​ខ្សែអាត់​សំឡេងនោះ ​គឺកំពុងកុហកដល់មហាជន ហើយថាពួកគេធ្វើសន្និសីទកាសែតមួយ បង្ហាញពីបច្ចេកទេសផ្ទៀងផ្ទាត់ នៃរលកសំឡេង​របស់កញ្ញា «ស្រីមុំ» នៅវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច (នៅទល់មុខ​ពេទ្យលោកសង្ឃ) ៕