(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ តំបន់ក្រហមបិទខ្ទប់ និងក្រុមគ្រូពេទ្យ ក្នុងភូមិសាស្ត្រទិសទី១ យោធភូមិភាគទី៥។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងថា កងកម្លាំង ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានឈរជើងអស់រយៈពេល ៥ខែទៅហើយ គឺចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលកងកម្លាំងត្រូវបានបញ្ជូនមកឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងកម្លាំងមួយចំនួនបំពេញបេសកកម្មបិទខ្ទប់តំបន់ក្រហម រួមជាមួយក្រុមពេទ្យយោធាសហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តជួយយកសំណាកជូនដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសក្នុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការ បានបន្តថា នេះគឺជាបេសកកម្មដ៏ពិសេសដែលថ្នាក់លើប្រគល់ជូន ជាពិសេសគឺតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចមានការព្រួយបារម្ភ ចំពោះការឆ្លងរីករាលដាលនៃជំងឺកាចសាហាវនេះ។

មេបញ្ជាការយោធភូមិភាគទី៥ បានឱ្យដឹងថា គោលបំណងគឺក្តាប់សភាពការណ៍រួមទិសទី១ បន្ទាយមានជ័យ ចំពោះការងារឈរជើង រៀបចំកម្លាំងបំពេញភារកិច្ចតាមចំណុចគោលដៅនីមួយៗ តើនៅមានចំណុចខ្វះខាតអ្វីខ្លះ? តើត្រូវមានវិធីសាស្ត្រអ្វីបន្ថែមទៀត ដើម្បីទប់ស្កាត់ពលករកុំឱ្យឆ្លងដែនបាន ជម្រកស្នាក់នៅបណ្តោះអាសន្នតាមចំណុចដែលប្រក់តង់ត្រូវកែសម្រួលប្រក់ស័ង្កសីវិញ ដើម្បីធានាការស្នាក់នៅជូនដល់យោធិនសមរម្យក្នុងរដូវវស្សា។

នៅក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានកោតសរសើរកងកម្លាំងទាំងអស់ ដែលអនុវត្តផែនការទទួលបានលទ្ធផលល្អប្រសើរទៅតាមបទបញ្ជាថ្នាក់លើបានដាក់ចុះ។

មេបញ្ជាការយោធភូមិភាគទី៥ ក៏បានដាក់បទបញ្ជាដាច់ខាត ដល់កងកម្លាំងទាំងអស់ ហាមដាច់ខាតកុំមានការពាក់ព័ន្ធបទល្មើសនាំពលករឆ្លងដែនខុសច្បាប់ បើរកឃើញមានពាក់ព័ន្ធ និងចេញពីជួរកងទ័ព ដោយឡែកបើឃាត់បានពលករឆ្លងដែនខុសច្បាប់ត្រូវស្វែងរកមេខ្យល់ឃាត់ខ្លួនប្រគល់ជូនស្ថាប័នជំនាញចាត់វិធានការតាមផ្លូវច្បាប់៕