(បាត់ដំបង)៖ គិតមកដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០២១នេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ (បាត់ដំបង-ពោធិ៍សាត់-កោះកុង) បានសម្រេចការសាងសង់បានចំនួន៤៨.៧៧%ហើយ។

នេះបើតាមបានបញ្ជាក់ឱ្យដឹងពីលោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ១០ ក្នុងឱកាសដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ ដោយមានការចូល រួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងភាគីពាក់ព័ន្ធ កាលពីចុងសប្តាហ៍មុននេះ។

លោក បុង ប៊ុនហួន បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះក្រុមហ៊ុនសាងសង់ កំពុងបន្តការងារសាងសង់របស់ខ្លួន យ៉ាងសស្រាក់សស្រាំ ទោះបីកម្ពុជាកំពុងជួបប្រទះនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។

លោកក៏បានជំរុញឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្រប តាមស្តង់ដារបច្ចេកទេសត្រឹមត្រូវដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និងចូលរួមអនុវត្តឱ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ទាំងអស់គ្នាដើម្បីបញ្ជៀសការឆ្លងជម្ងឺកូវីដ-១៩។

សូមបញ្ជាក់ថា៖ ផ្លូវជាតិលេខ១០មានប្រវែង ១៩៧.៣៦ គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ហើយផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរណ៍ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត៕