(ភ្នំពេញ)៖ ប្រធាននាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លង លោកឧត្តមសេនីយ៍ អ៊ី សុខឃី បានថ្លែងប្រាប់អង្គភាព Fresh News ក្រោយបញ្ចប់ការសាកសួរស្រីមុំ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះថា ស្រីមុំមានការសហការយ៉ាងល្អជាមួយសមត្ថកិច្ចរបស់លោក។

លោកឧត្តមសេនីយ៍បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលសាកសួរនោះគាត់ (កញ្ញាស្រីមុំ)បានសហការយ៉ាងល្អជាមួយរបស់សមត្ថកិច្ចរបស់យើង»។  តែយ៉ាងណានោះលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន មិនបានបញ្ជាក់ពីព័ត៌មានលំអិត នៃការសាកសួរស្រីមុំជាង៤ម៉ោងនោះទេ គ្រាន់តែលោកថា ការពិតយ៉ាងណានោះ គឺអាស្រ័យលើភស្តុតាង និងសាក្សីពាក់ព័ន្ធ។

ភ្នាក់ងារ Fresh News បានរាយការណ៍ពីក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១៣៖០០នាទីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ​ មន្រ្តីនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានបញ្ចប់ការសាកសួរលើកញ្ញា ស្រីមុំ បន្ទាប់ពីមានសាកសួរ អស់រយៈពេលជាង៤ម៉ោង។

បន្ទាប់ពីសាកសួរស្រីមុំ បានចាកចេញទៅភ្លាមៗ ដោយទុកឲ្យលោកស្រី ទ្រី ឈូន មេធាវីជាអ្នកថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។ លោកស្រីមេធាវីបាននិយាយថា កូនក្តីរបស់លោកស្រីបដិសេធសម្លេងនៅក្នុងខ្សែអាត់ដែលបែកធ្លាយ នៅលើបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយ។

សូមជំរាបថា កញ្ញា កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានមកដល់ការិយាល័យនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនហើយ នៅវេលាម៉ោង ប្រមាណ៨៖៥០នាទី ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ ដើម្បីបំភ្លឺជុំវិញរឿងអាស្រូវស្នេហាជាមួយលោក កឹម សុខា៕