(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានជួបសំណេះសំណាល និងពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ម៉ាស និងថ្នាំពេទ្យចំនួន៥មុខ ដែលជាអំណោយរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជូនកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រគល់ជូនកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានពាំនាំប្រសាន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដល់កងកម្លាំង ពីសំណាក់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ, លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងបានសំដែងនូវការអរគុណ ដល់កងកម្លាំងទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តក្នុងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។

លោកស្នងការបានផ្តាំផ្ញើឱ្យបងប្អូនកងកម្លាំងទាំងអស់ ត្រូវប្រុងប្រយ័ត្នរក្សាឱ្យបាននូវវិធានការសុខាភិបាល តាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវដាក់ខ្លួនឲ្យឆ្ងាយពីក្រុមគ្រួសារជាបណ្តោះអាសន្ន តាមដែលអាចធ្វើទៅបាន ព្រមទាំងចូលរួមយុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ជាបន្តទៀត។

គួរជម្រាបថា សម្ភារទាំងនេះត្រូវបានចែកជូនកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅចំនួន ១៤៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖

*អង្ករា១បាវ ស្មើនឹង ២៥គីឡូក្រាម
*ត្រីខ ១យួរ
*មី ១កេសតូច
*ម៉ាស ១ដុំ
*ឃីតថ្នាំ ១ឃីត៕