(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យទ័ពជួរមុខទិសទី១ខេត្តបន្ទាយមានជ័យ សហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ចុះយកសំណាកជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ ក្នុងតំបន់ក្រហមក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងកោតសរសើរដល់ក្រុមគ្រូពេទ្យកងទ័ពជួរមុខ ដែលខិតខំបំពេញភារកិច្ចតាមបទបញ្ជា ថ្នាក់លើ ដោយមិនគិតការលំបាកឬនឿយហត់ឡើយ។ ចូលរួមពន្លឿនការយកសំណាក ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះ។

លោកឧត្តមសេនីយ៍ទោ ក៏បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងកំឡុងពេលប្រតិបត្តិការ ឣនុវត្តន៍បច្ចេកទេសតាមការណែនាំរបស់ជំនាញសុខាភិបាល ការពារកំុឱ្យឆ្លងមកដល់ក្រុមគ្រូពេទ្យកងទ័ពជួរមុខ ព្រោះថាកាលៈទេសៈដ៏លំបាកនេះ កងទ័ពអាវសជួរមុខ គឺបានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យកងទ័ពទិសទី១បន្ទាយមានជ័យ ដែលបានប្តូរឯកសណ្ឋានពណ៌សដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រួមមាន៖ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យសរុបចំនួន២៩នាក់។

ពួកគេបាន សហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តរួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាសំណូមពរគណៈបញ្ជាការឯកភាពខេត្ត និងមេបញ្ជាការយោធភូមិភាគទី៥៕