(កំពង់ឆ្នាំង)៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីសម្រេចស្ដីពី ការបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញនូវភូមិសាស្ដ្រភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បន្ទាប់ពីបិទមួយរយៈដោយសារមានប្រជាពលរដ្ឋពាក់ព័ន្ធ និងកើតជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

លោកអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ទីតាំងខាងលើនេះ ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះតទៅ ប៉ុន្ដែប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារ និងគ្រប់ៗរូប ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់វិធានការសុខាភិបាល «៣ការពារ និង៣កុំ»។

បន្ថែមពីនេះ លោក ឈួរ ច័ន្ទឌឿន បានណែនាំឲ្យប្រជាពលរដ្ឋគ្រប់ៗគ្រួសារ ត្រូវផ្ដល់ព័ត៌មានមកអាជ្ញាធរភូមិ ឃុំ និងសមត្ថកិច្ចឲ្យបានទាន់ពេលវេលា ក្នុងករណីមានមនុស្សនៅតំបន់មានហានិភ័យចូលមកដល់មូលដ្ឋាន៕