(តាកែវ)៖ រដ្ឋបាលស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ១ករណីបន្ថែមទៀត លើស្រ្តីម្នាក់ឈ្មោះ ឥណ ចិន្តា អាយុ២៣ឆ្នាំ មុខរបរជាមន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិអង្គរការ ឃុំអង្កាញ់ ស្រុកទ្រាំង។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌ឱមាន Fresh News ទទួលបាន។

បើតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា ឈ្មោះ ឥណ ចិន្តា វិជ្ជមានកូវីដ១៩ បានទៅធ្វើការធម្មតានៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ស្រុកបូរីជលសារ ហើយដោយមិនស្រួលខ្លួន ក៏ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ប៉ុន្តែដោយសង្ស័យខាងមណ្ឌលសុខភាពស្រុកបូរីជលសារ ក៏បញ្ជូនទៅពិនិត្យ និងយកសំណាកនៅ OD ស្រុកកោះអណ្តែត។ លុះរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ទើបអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ដឹងដំណឹងពីមន្ត្រីជំនាញការិយាល័យស្រុកប្រតិបត្តិកោះអណ្តែត ដែលបានយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ លទ្ធផលតេស្តបានបញ្ជាក់ថា វិជ្ជមានជំងឺកូវីដ១៩។

រដ្ឋបាលស្រុកទ្រាំង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច និងត្រូវចូលរួមយកសំណាក នៅមណ្ឌលសុខភាព ដែលនៅជិតបងប្អូន ជាពិសេសអ្នកដែលនៅភូមិអង្គរការ ឃុំអង្កាញ់ ត្រូវយកសំណាកនៅមណ្ឌលសុខភាពឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ព្រមទាំងដាក់ខ្លួនឱ្យនៅដាច់ ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃ។
ក្នុងករណីបងប្អូនមានបញ្ហាសុខភាពដូចជា ក្តៅ ក្អក ឈឺក ហៀរសំបោរថប់ពិបាកដកដង្ហើម ត្រូវប្រញាប់រួសរាន់រាយការណ៍ជូនដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ឬនៅមណ្ឌលសុខភាព ដែលនៅជិតផ្ទះរបស់បងប្អូន ឬតាមរយៈលេខទូរស័ព្ទខ្សែទី១ (០១២៥៧៤ ៦៦៣) និងខ្សែទី (០៩៧ ៧៣០ ២៩៣២)៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកទ្រាំង៖