(ភ្នំពេញ)៖ លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានបញ្ជាក់ឲ្យដឹងថា ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ក្ដី ទីផ្សារមេ្រចកំពតនៅតែរក្សាបានភាពល្អប្រសើរក្នុងការនាំចេញ ដោយសារតែមានក្រុមហ៊ុនបន្ដបញ្ជាទិញច្រើនពីប្រជាពលរដ្ឋ។

លោក ងួន ឡាយ បានថ្លែងឲ្យដឹងថា «សម្រាប់ទីផ្សារម្រេចកំពតមិនមានបញ្ហាឡើយ ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ក្ដី ដោយសារតែម្រេចកំពតនៅតែបន្ដនាំចេញ និងបញ្ជាទិញពីសំណាក់ក្រុមហ៊ុនផ្សេងៗ ជាការពិតទោះបីមិនមានទីផ្សារទេសចរណ៍ តែការនាំចេញនៅបន្ដមាន»

លោកបានបន្ដថា ក្នុងបរិបទកូវីដ១៩ នេះ សម្រាប់កសិករខ្នាតតូច និងកសិករខ្នាតមធ្យម ដែលដាំដុះម្រេចនេះមិនមានបញ្ហាឡើយ បញ្ហាចោទសម្រាប់កសិករខ្នាតធំដែលផលិតច្រើន។ ដើម្បីដោះស្រាយបញ្ហានេះ និងជួយដល់កសិករខ្នាតធំ សមាគមបានសហការរៀបចំជាមួយក្រុមហ៊ុន EU Land Pepper ឲ្យមានទីផ្សារលក់តាមអនឡាញ ដើម្បីធ្វើយ៉ាងណាជួយលក់កសិករខ្នាតធំនេះផងដែរ។

លោកបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនរួមមានក្រុមហ៊ុន EU Land Pepper និងក្រុមហ៊ុនផ្សេងៗទៀត បានធ្វើកុងត្រាជាមួយកសិករ ដែលទាំងនេះហើយដែលធ្វើឲ្យ ទីផ្សារម្រេចក្នុងឆ្នាំនេះល្អប្រសើរ។ ពិតមែនថាទិន្នន័យនៃការនាំចេញ ក្នុងអំឡុងពេលនេះនៅមានតិចតូច ប៉ុន្ដែមិនចោទជាបញ្ហាឡើយ ដោយសារតែម្រេចទើបចាប់ផ្ដើមប្រមូលផល។

លោកបញ្ជាក់ថា សម្រាប់តម្លៃម្រេចនាពេលបច្ចុប្បន្ននេះ គឺរក្សាបានតម្លៃដដែលដោយ ម្រេចខ្មៅតម្លៃ១៥ដុល្លារ ក្នុងមួយគីឡូក្រាម, ម្រេចក្រហមតម្លៃ២៥ដុល្លារ ក្នុងមួយគីឡូក្រាម និងម្រេចសតម្លៃ២៨ដុល្លារ ក្នុងមួយគីឡូក្រាម។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមរយៈពេល៤ខែដើម ឆ្នាំ២០២១នេះ ការនាំចេញម្រេចមាន ២១៤១.៩៣តោន ថយចុះ៤.៨៩ភាគរយ។ ក្នុងនោះនាំចេញទៅប្រទេសប៊ែលហ្សិក ចំនួន៧.៥៦តោន, សារធារណរដ្ឋឆេក១.២០តោន, បារាំង៦.២០តោន, អាល្លឺម៉ង៣.៣២តោន, ជប៉ុន២.១៨តោន, កូរ៉េ១.៣០តោន, ប៉ូឡូញ៧.០៩តោន, រុស្សី០.៣១តោន, ស៊ុយអ៊ែត១.១៥តោន, កោះតៃវ៉ាន់១៥តោន, អង់គ្លេស១.២៤តោន, អាមេរិក០.៣៩តោន និងវៀតណាម ២០៩៤.៩៩តោន៕