(ភ្នំពេញ)៖ ដើម្បីពង្រឹង និងពន្លឿននៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការីនី នៅតាមគោលដៅនៃការចាក់វ៉ាក់សាំងកូវីដ១៩នានា ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ១៩ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានចុះពិនិត្យស្ថានភាព នៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅទូទាំងរាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរលោក ឃួង ស្រេង និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យ ទីតាំងជាច្រើននៅក្នុងខណ្ឌចំនួន៣ ក្នុងនោះ មានខណ្ឌមានជ័យ ខណ្ឌដង្កោដង្កោ និងខណ្ឌសែនសុខ។

ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែង និងពេញមួយព្រឹកនេះ ថ្នាក់ដឹកនាំទាំងពីរ «បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ ស្រង់បញ្ជីឈ្មោះឱ្យបានច្បាស់លាស់ ពិសេសការស្រង់ស្ថិតិ បងប្អូនកម្មករ កម្មការីនី ដែលត្រូវមកចាក់វ៉ាក់សាំង ដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រង ទិន្នន័យមួយច្បាស់លាស់ និងបានចាក់បញ្ចប់ទៅតាមគម្រោងដែលយើងបានគ្រោងទុក សម្រាប់អ្នករស់នៅភ្នំពេញ»

ក្រៅពីនេះ លោក ឃួង ស្រេង ក៏បានណែនាំទៅអាជ្ញាធរ ក៏ដូចជាក្រុមការងារ ដែលបាននឹងកំពុងអនុវត្តន៍ លើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឱ្យប្រជាពលរដ្ឋ និងកម្មករ កម្មការីនី រក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវិ១៩ ដោយយើងមិនបានដឹងថា នរណាម្នាក់មានជំងឺកូវីដ១៩នោះទេ ដូច្នេះ យើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ឱ្យបានជោគជ័យ។

យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនីទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាការគិតគូរខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋ ឆ្លងផុតពីការវាយប្រហារដោយមេរោគកូវីដ១៩។

យោងតាមរបាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែឧសភា បានបង្ហាញថា ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម រយៈពេល ១៧កន្លងទៅនេះ ការចាក់ដូសទី១ ចាក់បានសរុបចំនួន ៧០៧,៥៧២នាក់ ស្រី ៣៨១,៩៣៩នាក់។ ដោយឡែកអ្នកចាក់ដូសទី២ ចាក់បាន ៦២,០៥៨នាក់ ស្រី ២៨,៨៩១៕