(ឧត្តរមានជ័យ)៖ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តឧត្តរមានជ័យ ដោយមានលោក លិញ សុវឌ្ឍនា ជាប្រធានសាខា នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ គុណភាពអាល់កុល និង ផលិតផលទំនិញ ដែលជាគ្រឿងឧបភោគ បរិភោគ នៅតាមម៉ាត ឱសថស្ថាន និងតូបលក់ទំនិញនានា នៅក្នុងផ្សារសំរោង ដែលមានទីតាំងស្ថិតនៅ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក លិញ សុវឌ្ឍនា សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍អាល់កុល ក្លែងក្លាយ ទំនិញខូចគុណភាព និងទំនិញ ដែលមិនមានអនុលោមភាព ដែលធ្វើអោយប៉ះពាល់ដល់សុខភាព របស់អ្នកប្រើប្រាស់។

លោកប្រធានសាខា បានបន្តថា ក្នុងសកម្មភាពនេះ ក្រុមការងារជំនាញរបស់លោក បានត្រួតពិនិត្យ ទៅលើទំនិញវេចខ្ចប់រួចជាស្រេច និងបានធ្វើតេស្តត្រួតពិនិត្យ មើលគុណភាពអាល់កុល។

លោកបានឲ្យដឹងទៀតថា ដកហូតទំនិញក្លែងក្លាយ និងហួសកាលបរិច្ឆេតប្រើប្រាស់ សរុបបានចំនួន១២០.៥៨គីឡូក្រាម យកមករក្សាទុក នៅសាខា ដើម្បីកំទេចចោល ដែលក្នុងនោះរួមមាន៖

*ទី១ ៖ អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន២៤០ដប ស្មើនិង១២០លីត្រ។
*ទី២ ៖ ម្សៅស៊ុបខ្នរ ០១ប្រអប់ ស្មើនិង០.៥៨គីឡូក្រាម។

ជាមួយគ្នានោះ ក្រុមការងារជំនាញរបស់លោក បានណែនាំដល់អាជីវករ អោយបានយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិត ផលទំនិញ និងសេវា និងច្បាប់ស្ដីព៏កិច្ចការពារអ្នកប្រើប្រាស់ ដើម្បីជៀសវាងបង្ករផលប៉ះពាល់ ដល់សុខភាព និងផលប្រយោជន៍ សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ដែលអាចប្រឈម ចំពោះមុខច្បាប់ថែមទៀតផង៕