ទីបំផុត! ហាង KFC ដំបូងគេបំផុត ត្រូវបានបើកដំណើរការនៅទីបេ បន្ទាប់ពីខកខានអស់ជាង១ទសវត្សរ៍
11-03-2016 12:54
(ប៉េកាំង)៖ ក្រុមហ៊ុន Fast Food ដ៏ធំរបស់សហរដ្ឋអាមេរិកគឺ KFC បានបើកដំណើរការលក់ជាលើកដំបូង នៅក្នុងទីក្រុង Lhasa តំបន់ទីបេ បន្ទាប់ពីរង់ចាំអស់រយៈពេលជាង១ទសវត្សន៍ នៃការគ្រោងបើកដំណើរការលើកដំបូង ត្រូវបានលុបចោលវិញ ដោយសារភាពចម្រូងចម្រាស់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី១១ ខែមីនា។
ការបើកហាងនេះផងដែរ បានធ្វើឲ្យព្រះសង្ឃព្រះអង្គ Dalai Lama ជាមេដឹកនាំព្រះពុទ្ធសាសនា និងម្ចាស់ពានរង្វាន់ Nobel នៅតំបន់ទីបេ មិនសប្បាយចិត្ត ព្រោះតែការសម្លាប់សត្វមាន់ បានរំលោភបំពានទៅនឹងបំរាមក្នុងតំបន់ ប៉ុន្តែសម្រាប់ក្រុមអ្នកជំនួញវិញមិនយល់ឃើញដូច្នេះទេ ព្រោះ KFC ជាក្រុមហ៊ុន Fast Food ដ៏ល្បី ហើយការបើកហាងនៅទីបេ គឺជាការបើកទ្វារស្វាគមន៍ពិភពលោក។
ក្រុមហ៊ុន KFC បានចូលទៅកាន់ទីផ្សារចិនក្នុងឆ្នាំ១៩៨៧ ហើយបច្ចុប្បន្នមានហាងជាង ៥,០០០ហាង ក្នុងតំបន់ជាង១,១០០តំបន់ នៅទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា ចិនបានគ្រប់គ្រងតំបន់ទីបេ តាំងពីអំឡុងឆ្នាំ១៩៥០ ខណៈក្រុមអង្កេតសិទ្ធិមនុស្ស បានចោទប្រកាន់ថា បានគាបសង្កត់នូវគោលនយោបាយ និងសាសនានៅក្នុងតំបន់ ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ថា ប្រជាជនតំបន់ទីបេទទួលបានសេរីភាពពេញលេញ ហើយថាខ្លួនបាននាំឲ្យ មានកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ ព្រមទាំងបានចោទប្រកាន់ ព្រះអង្គ Dalai Lama ជាអ្នកបំបែកខ្លួននិយម៕