(ពោធិសាត់)៖ គ្រួសាររងគ្រោះ ចំនួន ៣គ្រួសារ ដែលបណ្តាលមកពីគ្រោះអគ្គិភ័យកាលពីរសៀលថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦នោះ បានទទួលអំណោយពីអភិបាលខេត្តពោធិសាត់ លោក ម៉ៅ ធនិន។

សម្រាប់ហេតុការណ៍នេះ បណ្តាលឲ្យ ឆេះផ្ទះអស់ ២ខ្នង និង ទ្រព្យសម្បត្តិមួយចំនួនធំនោះគឺ ១-សៀង សុខុន ភេទប្រុស អាយុ ៤៨ឆ្នាំ ជាម្ចាស់ផ្ទះ, អៀង ស្រីណៃ ភេទស្រី អាយុ ២៥ឆ្នាំ ជាប្រជាពល​រដ្ឋជួល​ផ្ទះគេស្នាក់នៅ រយៈពេល២ឆ្នាំមកហើយ, ២-អ៊ុង សុវណ្ណ ភេទប្រុស អាយុ ៦៨ឆ្នាំ ជាអ្នកសារព័ត៌មានសុជីវធម៌ ត្រូវបានទទួលគ្រឿងសម្រាប់ធ្វើផ្ទះសារជាថ្មី ពីក្រុមការងារចុះជួយសង្កាត់ព្រៃញី ដឹកនាំដោយ លោក អ៊ឹង គឹមលាង ជាប្រធាន កាលពីរសៀលថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦ នៅទីតាំងកើតហេតុ ស្ថិតក្នុងភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ លោក ម៉ៅ ធនិន ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោកស្រី ហ៊ុន ចាន់ធី បាននាំយកអំណោយមនុស្សធម៌ របស់កាកបាទ​ក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ យកទៅប្រគល់ជូន ប្រជាពលរដ្ឋរងគ្រោះភ្លើងឆេះផ្ទះ ចំនួន ៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម តង់ខៀវ១ ស្រាក់១ឈុត មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ធំ និង ថវិកា៥០ម៉ឺនរៀល ។

ជាក់ស្តែងនៅថ្ងៃនេះ ដោយមានការយកចិត្តទុកដាក់ និង​សន្យា ពីលោក ម៉ៅ ធនិន ប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ និង ក្រុមការងារចុះជួយសង្កាត់ព្រៃញីផងនោះ បាននាំយកគ្រឿង​សម្រាប់​ធ្វើផ្ទះសារជាថ្មី យកទៅប្រគល់ជូន ប្រជាពលរដ្ឋរងគ្រោះភ្លើងឆេះផ្ទះ ចំនួន ៣គ្រួសារស្មើៗគ្នា ៖ ក្នុងនោះថវិកា ៣លាន ជាថវិការបស់លោក ម៉ៅ ធនិន និង លោកជំទាវ សម្រាប់ទិញគ្រឿងផ្ទះ, ថវិកា ១,១៤០,០០០.០០​រៀល ជាថវិការបស់ក្រុមការងារចុះជួយសង្កាត់ព្រៃញី សម្រាប់ទិញស័ង្កសី ។ ដោយឡែក ក្រុមការងារចុះជួយសង្កាត់ព្រៃញី ដែលមានលោក អ៊ឹង គឹមលាង ជាប្រធាន បានឧបត្ថម្​ភប្រជាការពារទាំង ៨ភូមិ ក្នុងសង្កាត់ព្រៃ ជាថវិកា ៣២ម៉ឺនរៀល និង ឧបត្ថម្ភស្នាក់ការបក្ស ២០ម៉ឺនរៀល ប្រចាំខែផងដែរ ៕