(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ១៩ ចំនួន១២៨គ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះនិងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ចំនួន១២៨គ្រួសារ មកពីឃុំចំនួន៧ នៅស្រុកឈូក។ ពិធីនេះរៀបចំធ្វើឡើងនៅ វត្តអង្គគយ ក្នុងឃុំល្បើក ស្រុកឈូក ខេត្តកំពត។

ថ្លែងក្នុងឱកាសនោះ លោក ជាវ តាយ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋ មកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ គឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោកអភិបាលខេត្ត ក៏បានលើកបញ្ជាក់ថា បើទោះបីអំណោយនាពេលនេះ មានចំនួនតិចតួចក្ដីមិនអាចឆ្លើយតបបានយូរអង្វែង ប៉ុន្តែអាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។ ប៉ុន្តែបញ្ហាសំខាន់ សូមបងប្អូន ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការអនាម័យថែរក្សាសុខភាពគ្រួសារ ឲ្យបានល្អ និងយកចិត្តទុកដាក់ បង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសារអោយបានកាន់តែប្រសើរឡើងថែមទៀត។

លោក ជាវ តាយ ក៏បានសំណូមពរ ផ្ដាំផ្ញើដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវរក្សានឹងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ពិសេសក្នុងករណីបើមានប្រជាពលរដ្ឋ ចំណាកស្រុក ហើយបានវិលត្រឡប់មកពីតំបន់ប្រឈមនៃការឆ្លងកូវីត១៩ មកកាន់លំនៅឋានវិញ ត្រូវរួមគ្នារាយការណ៍ ដល់អាជ្ញាធរឬជំនាញ ដើម្បីធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងបើសិនមានករណីសង្ស័យការឆ្លង ត្រូវឱ្យជំនាញយកសំណាកពិនិត្យឲ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការដើរហើរសេរីឆ្ងាយនាំឲ្យឆ្លងចូលដល់ក្នុងសហគមន៍។

ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋខាងលើ លោកអភិបាលខេត្ត បាននាំយកអំណោយកាកបាទក្រហម ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ១៩ ចំនួន ១២៨គ្រួសារ មកពីឃុំចំនួន៧ នៅស្រុកឈូក ទទួលអំណោយពីកាកបាទក្រហមកម្ពុជា ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ, ទឹកសុទ្ធ ១កេស, ទឹកត្រី និងត្រីខ រួមនិងថវិកាមួយចំនួនទៀត។ លោក ជាវ តាយ ក៏បានជូនថវិកាមួយចំនួនដល់ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម កងកំលាំងទាំងបី និងប្រជាការពារផងដែរ៕