(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានជំរុញទៅកម្លាំងនគរបាល​ទាំងអស់ត្រូវ​បង្កើនកិច្ចការពារសន្តិសុខជូន​ប្រជាពលរដ្ឋ និងរក្សាសណ្តាប់​ធ្នាប់សង្គម​ឲ្យកាន់តែល្អ ហើយការងារនេះលោកនៅមានភារកិច្ច​មើលការខុសត្រូវ​មុនពេលលោក​ចូលនិវត្តន៍នាឆ្នាំ២០១៨។

ការថ្លែងបែបនេះ​ ខណៈ​លោកស្នងនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១មីនា ឆ្នាំ២០១៦នេះ​ បានអញ្ជើញចូលរួមពិធី បិទវគ្គបំប៉នជំនាញ​មន្រ្តីនគរបាល អន្តរាគមន៍ពិសេសជំនាន់ទី២ ដោយមាន​ការ​ចូលរួម​ពីព្រះរាជអាជា្ញរងអមសាលាដំបូង​រាជធានីភ្នំពេញ លោក មាស ច័ន្ទ ពិសិដ្ឋ ព្រមទាំងស្នងការ ស្នងការរង ប្រធាន អនុប្រធានការិយាល័យនិងអធិការនគរបាលតាមបណ្តាខណ្ឌទាំងអស់ និងមន្រ្តី​នគរបាលជាច្រើននាក់។

នាយឧត្តមសេនីយ៌ស្នងការបានបញ្ជាក់ថា មន្រ្តីនគរបាលមួយចំនួនចង់រត់ចេញពីខាងអន្តរាគមន៍ ប៉ុន្តែលោកបញ្ជាក់ថា ខាងអន្តរាគមន៍មិនសំដៅតែលើខាងបាតុកម្មប៉ុណ្ណោះទេ គឺអន្តរាគមន៍​មានសិទ្ធ​ជួយ​អន្តរាគមន៍​គ្រប់ជំនាញ ក្នុងនោះក៍មានសភាពការណ៍សន្តិសុខនិងបទល្មើសផងដែរ ។

លោកស្នងការបញ្ជាក់ថា សិក្ខាកាម មួយចំនួនអវត្តមាននៅពេលទៅរៀន ហើយថ្នាក់លើក៍ទទួលភាពអាម៉ាស​ផងដែរ នៅពេលមន្រ្តីនគរបាលដែលទៅរៀន ត្រូវបណ្តេញចេញ ។ ក្រៅពីនោះ​លោកបញ្ជាក់ថា មន្រ្តីនគរបាលនិងត្រូវមានការផ្លាស់ប្តូរកន្លែង មិននៅមួយកន្លែងទេ ។

ព្រះរាជអាជា្ញរងអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បានថ្លែងថា ទៅថ្ងៃអនាគតលោករំពឹងថា ការសិក្សារបស់សិក្ខាកាមនិងក្លាយទៅជាមន្រ្តីនគរបាលយុត្តិធម៌ ។

សិក្ខាកាមទាំងអស់ បានប្តេជា្ញថា និងគោរពបទបញ្ជាក្រសួងមហាផ្ទៃ និងអនុវត្ត​បង្ការបង្រ្កាបបទ​ល្មើសពិសេសអនុវត្តតាមគោលនយោបាយ​របស់រដ្ឋាភិបាល ៕