(ត្បូងឃ្មុំ)៖ បន្ទាប់ពីទទួលបានព័ត៌មាន ក៏ដូចជាឆ្លើយតបតាមការអំពាវនាវរបស់ព្រះសង្ឃ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី បាននាំយកទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួន ទៅប្រគេនជូនព្រះចៅអធិការវត្ត ព្រះសង្ឃកំពុងបួសរៀន ប្រមាណជាង ១០០អង្គ នៅវត្តដំរិល ស្ថិតក្នុងឃុំដំរិល ស្រុកអូររាំងឪ ដើម្បីផ្គត់ផ្គង់ និងរួមចំណែកជួយសម្រួល ក្នុងគ្រាដែលវត្តនេះស្ថិតក្នុង (តំបន់បិទខ្ទប់១៤ថ្ងៃ)។

ជាមួយនឹងទឹកចិត្តជ្រះថ្លា ដ៏ប្រពៃនេះលោកបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមឧបត្តម ដល់ព្រះសង្ឃដែលកំពុងសិក្សារៀនសូត្រ ហើយជួបការខ្វះខាតដោយសារវត្តដំរិលស្ថិតក្នុងតំបន់បិទខ្ទប់ ដើម្បីទប់ស្កាតការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

គ្រឿងឧបភោគបរិភោគដែលលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី នាំយកទៅប្រគេនព្រះសង្ឃរួមមានបច្ច័យចំនួន ៥លានរៀល, អង្ករ ៥០០គីឡូក្រាម, មី១៧កេស, ត្រីខ ៤កេសធំ, ទឹកសុទ្ធ១០០យួរ, ទឹកផ្លែឈើ១៥កេស និងឆៃប៉ូវ ២ក្រឡធំផងដែរ៕