(ភ្នំពេញ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានបន្ដយកទៅចែកជូនប្រជាពលរដ្ឋចំនួន៨,០០០គ្រួសារបន្ថែមទៀត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ដែលកំពុងរស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃនេះ ពលរដ្ឋរស់នៅតំបន់ខ្ទប់ជាង៤១ម៉ឺនគ្រួសារហើយ ដែលទទួលបានអំណោយពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អំណោយនេះថ្ងៃនេះ ត្រូវបានបន្ដចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៨,១០០គ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ បានចែកជូនទៅប្រជាពលរដ្ឋ រស់នៅខណ្ឌមានជ័យ ចំនួន២,០០០គ្រួសារ, ខណ្ឌសែនសុខ ចំនួន៣០០គ្រួសារ, ខណ្ឌព្រែកព្នៅ ចំនួន៥០០គ្រួសារ, ខណ្ឌឬស្សីកែវ ចំនួន១,៥០០គ្រួសារ, ខណ្ឌជ្រោយចង្វា ចំនួន៧០០គ្រួសារ, ខណ្ឌដូនពេញ ចំនួន២០០គ្រួសារ, ខណ្ឌ៧មករា ចំនួន៣០០គ្រួសារ, ខណ្ឌចំការមន ចំនួន៨០០គ្រួសារ, ខណ្ឌច្បារអំពៅ ចំនួន៨០០គ្រួសារ, ខណ្ឌកំបូល ចំនួន១,០០០គ្រួសារ និងក្រុមការងារ ចំនួន៤០០គ្រួសារ។

អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំ និងបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភានេះ បានចំនួន៤១០,៨៥២គ្រួសារ។

សូមជម្រាបថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធសកម្មភាពមនុស្សធម៌ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕