(ភ្នំពេញ)៖ លោក ទួន សុជាតិ ថៅកែហាងកាត់សក់ «ខ្មែរអង្គរ» នៅក្បែរវិមានឯករាជ្យ ដែលជាថៅកែ របស់កញ្ញា ខុម ចាន់ដារាទី ហៅ ស្រីមុំ ជាយុវតីម្នាក់ដែលគេសង្ស័យពាក់ព័ន្ធរឿងអាស្រូវជាមួយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនោះ បានលើកឡើងប្រាប់វិទ្យុអាស៊ីសេរីថា សម្លេងក្នុងខ្សែអាត់ដែលបែកធ្លាយ ពិតជាសម្លេងរបស់ស្រីមុំ ព្រមទាំងបាននិយាយថា លោក កឹម សុខា បានទូរស័ព្ទមកស្រីមុំ មុនមកហាងកាត់សក់។

ការអះអាងរបស់ថៅកែ ហាងកាត់សក់នេះ បានធ្វើឡើងតាមរយៈកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បន្ទាប់ពីស្រីមុំបានចេញមុខបកស្រាយថា សំឡេងក្នុងខ្សែអាត់សន្ទនា ដែលបែកធ្លាយកន្លងមកនោះ មិនមែនជាសំឡេងរបស់នាងនោះទេ។

លោក ទួន សុជាតិ បាននិយាយថា លោកមិនមានភស្តុតាងដែលបញ្ជាក់ថា សំឡេងនោះ ជាសំឡេងរបស់ស្រីមុំទេ ដោយសារតែពុំមែនជាថត ប៉ុន្តែបើតាមការប្រាស្រ័យទាក់ទងសព្វថ្ងៃ លោកជឿថា សំឡេងនោះ គឺដូចទៅនឹងសំឡេងខាងក្រៅរបស់ស្រីមុំ តែម្តង។

បើតាមលោក ទួន សុជាតិ, លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានទៅហាងរបស់លោក នៅថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ពីចូលឆ្នាំចិនរួច ប៉ុន្តែមុននឹងមកនោះ លោក កឹម សុខា បានខលទៅស្រីមុំ ហើយស្រីមុំបានប្រាប់រឿងនេះដល់លោក ដើម្បីឱ្យលោកចាំកាត់សក់ឱ្យគាត់។

លោក សុជាតិ បាននិយាយថា «ចូលឆ្នាំចិនថ្ងៃទី៧ ហើយហាងរបស់ខ្ញុំបិទ២ថ្ងៃ គឺថ្ងៃទី៨ ថ្ងៃទី៩ (ខែកុម្ភៈ) ហើយថ្ងៃទី១០ ខ្ញុំបើកវិញ ប៉ុន្តែថ្ងៃទី១០ ខ្ញុំចាំបានថា គាត់មក ពេលមកហ្នឹងគាត់តេមកស្រីមុំ ហើយស្រីមុំក៏បានមកប្រាប់ខ្ញុំថា “បងជាតិ ! ឯកឧត្តម កឹម សុខា មកកាត់សក់ហើយខ្ញុំ ក៏រង់ចាំកាត់សក់ឱ្យគាត់ ខ្ញុំចាំតែប៉ុណ្ណឹងទេ»។

ទោះជាយ៉ាងណា លោក ទួន សុជាតិ ជំរុញឱ្យសមត្ថកិច្ចស៊ើបអង្កេតលើសំឡេងនោះ។ លោកថា មានតែសមត្ថកិច្ចប៉ុណ្ណោះ ដែលអាចស្រាវជ្រាវ និងធានាលើសំឡេងនោះថាពិត ឬមិនពិតបាន៕

សូមស្តាប់សម្លេងលោក ទួន សុជាតិ ផ្តល់កិច្ចសម្ភាសន៍ជាមួយអាស៊ីសេរី៖

ថៅកែហាងកាត់សក់របស់ «ស្រីមុំ» អះអាងថា សំឡេងក្នុងខ្សែអាត់ដែលបែកធ្លាយ ជាសម្លេងរបស់ស្រីមុំ និងនិយាយថា លោក កឹម សុខា ធ្លាប់បានទូរស័ព្ទមកស្រីមុំ មុនមកហាងកាត់សក់៖

Posted by Fresh News on Thursday, March 10, 2016