(ភ្នំពេញ)៖ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះថា មន្រ្តីនគរបាលនឹងដាក់ប៉ុស្តិ៍ ត្រួតពិនិត្យ៧ទីតាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនទៀត ចាប់ពីម៉ោង៩យប់ថ្ងៃទី១០ ដល់៣ទៀបភ្លឺថ្ងៃទី១១ ខែមីនា​ ក្នុងបំណងទប់ស្កាត់  និងការពារអាយុជីវិតពលរដ្ឋលើដងពីគ្រោះថ្នាក់ ដែលបង្កដោយឥទ្ធិពល នៃជាតិស្រវឹង។

បើតាមឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ទីតាំងទាំង៧ ដែលកម្លាំងនគរបាលដាក់ប៉ុស្តិ៍ត្រួតពិនិត្យក្នុងរាជធានីភ្នំពេញរួមមាន៖ ទី១.ខណ្ឌច្បារអំពៅ, ទី២.ខណ្ឌពោធិសែនជ័យ, ទី៣.ខណ្ឌមានជ័យ, ទី៤.ខណ្ឌទួលគោក, ទី៥.ខណ្ឌឫស្សីកែវ, ទី៦.ផ្លូវជាតិលេខ៤ និងទី៧.ផ្លវជាតិលេខ៥។

ក្រៅពីក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តជាច្រើនទៀត ក៏ត្រូវបានដាក់ពង្រាយកម្លាំងត្រួតពិនិត្យ ការបើកបរក្រោមឥទ្ធិពលជាតិ ស្រវឹងផងដែរ។ ខេត្តទាំងនោះរួមមាន៖ សៀមរាប, កំពង់ធំ, តាកែវ, ស្វាយរៀង, កំពង់ស្ពឺ, ស្ទឹងត្រែង ព្រមទាំងខេត្តជាច្រើនទៀត។

ឧត្តមសេនីយ៍ផ្កាយ៣ រ៉ុន រ័ត្នវាសនា បន្តថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីសុវត្ថិភាពចរាចរណ៍ របស់បប្រជាពលរដ្ឋខ្មែរ  ដែលធ្វើដំណើរលើដងវិថី។ លោកក៏ស្នើសូមអំពាវនាវឲ្យប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិត៕