(សៀមរាប)៖ លោកស្រី Gillian Green អ្នកជំនាញជនជាតិអូស្ត្រាលី ផ្នែកវាយនភណ្ឌប្រពៃណី និងជាសមាជិកកិត្តិយសនាយកដ្ឋានប្រតិបត្តិសិល្បៈនៃសាកលវិទ្យាល័យស៊ីដនី ព្រមទាំងជាប្រធានសមាគមសិល្បៈអាស៊ីអូស្ត្រាលី (TAASA) បានយកអំណោយផ្ទាល់ខ្លួនជាសម្ភារៈ និងឧបករណ៍តម្បាញ នៃប្រទេសក្នុងតំបន់មេគង្គ ដែលសន្សំបានពីការស្រាវជ្រាវជាយូរឆ្នាំមកហើយ ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។

អំណោយទាំងអស់មានសម្ភារ:សរុបចំនួន៤០ ហើយបែងចែកជា ៩មុខ ដួចជា៖ ១- រ៉ក, ២- ត្រាក់តម្បាញមួយគូ, ៣- ក្តារត្រដក់មួយគូ និងមួយចំហៀង, ៤- ជើងដាច់មួយគូ និង មួយចំហៀង, ៥- ឈើអន្ទងមួយគូ ៦- ប្រាំង ៧- ឧបករណ៍ស្រាវសូត្រមួយសម្រាប់ ៨- ត្រល់ ៩- ឧបករណ៍កិនផ្លែកប្បាស។ ឧបករណ៍ទាំងនេះធ្វើឡើងពីឈើ ឫស្សី ដែលជាចំណែកផ្សេងៗនៃកីតម្បាញ សម្រាប់ដំណើការត្បាញ មានប្រភពមកពីប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេស​មីយ៉ាន់មា ហើយមានអាយុកាលមិនក្រោមពី៥០ឆ្នាំឡើយ។

លោកស្រី ចៅ ស៊ុនកិរិយា ទីប្រឹក្សានិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ដោយសារតែតម្រូវការច្រើននិងភាពទំនើបនៃសម្ភារៈតម្បាញ បានធ្វើឱ្យឧបករណ៍តម្បាញដោយដៃទាំងនេះត្រូវបាត់បង់បន្តិចម្តងៗ រហូតដល់​ពេលខ្លះស្ទើរតែគ្មានអ្នកស្គាល់ផងដូច្នេះអំណោយទាំងនេះមានសារៈសំខាន់ណាស់សម្រាប់សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី ដែលមាននាទីតាំងបង្ហាញ រក្សា ទុកដាក់ឧបករណ៍បុរាណទាំងនេះជូនសាធារណជនក្នុងការទស្សនា យល់ដឹង និងស្រាវជ្រាវផងដែរ។

តាំងនាមឲ្យថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា លោកស្រី បានកោតសរសើរនិងថ្លែងអំណរគុណ ចំពោះទឹកចិត្តលះបង់ដ៏ធំធេងរបស់លោកស្រី Gillian Green ដែលបានបរិច្ចាគសម្ភារៈ ដែលខ្លួនបានសន្សំទុករាប់ឆ្នាំដោយស្មគ្រចិត្ត ដើម្បីរួម​ចំណែកថែរក្សា អភិរក្សឧបករណ៍និងសម្ភារៈតម្បាញបុរាណនេះជាមួយអាជ្ញាធរជាតិអប្សរា ក៏ដូចជាធ្វើឱ្យសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីកាន់តែមានភាពរស់រវើកព្រោះមានសម្ភារៈសម្បូរបែប។

លោកស្រី Gillian Green បានបញ្ជាក់ថា សម្ភារៈនិងឧបករណ៍ទាំងនេះ បានមកពីការសន្សំទុក ខណៈគាត់ធ្វើការនៅផ្នែកស្រាវជ្រាវវាយនភណ្ឌជាង២០ឆ្នាំមកហើយ។ ក្រោយមក គាត់បានឮដំណឹងថា កម្ពុជាបើកសារមន្ទីរវាយ​នភណ្ឌប្រពៃណី​បុរាណមួយ គាត់រីករាយណាស់ ហើយក៏មានបំណងប្រគល់នូវសម្ភារៈទាំងនេះជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីជួយនិងចូលរួមជាមួយខ្មែរថែរក្សា អភិរក្សាទំនៀមទម្លាប់មួយនេះ​ឱ្យនៅរស់វើកក្នុងសង្គមខ្មែរ​រហូតទៅ ជាជាងការទុកនៅផ្ទះ ដើម្បីលម្អសម្រាប់តែខ្លួនឯង៕