(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបករណីចាប់បង្ខាំងបុរសជនជាតិចិនម្នាក់ ដោយខុសច្បាប់នៅចំណុចភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដោយរំដោះបានជនរងគ្រោះម្នាក់ និងចាប់ជនសង្ស័យ ចំនួន៦នាក់ ក្នុងនោះមានជនជាតិចិន៥នាក់ និងបុរសជនជាតិខ្មែរម្នាក់។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះថា កាលពីវេលាម៉ោង ១០៖២០នាទីថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ កម្លាំង អ.ហ ជំនាញ ចំនួន១៥នាក់ ដឹកនាំដោយលោក ឆេង វុទ្ធីនាយសេនាធិការ ក្រោមការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ ចុះបង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ នៅចំណុចភូមិ២។

លោកឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា ហេតុការណ៍នេះកម្លាំងរបស់លោកបានរំដោះជនរងគ្រោះម្នាក់ឈ្មោះ Cai Tao ជនជាតិចិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ដោយឡែកជនសង្ស័យបានចំនួន០៦នាក់ ដែលត្រូវបានចាប់ខ្លួនរួមមាន៖

*ទី១៖ ឈ្មោះ Goo Xiao Dong ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ
*ទី២៖ ឈ្មោះ Wang Huan ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ
*ទី៣៖ ឈ្មោះ Qin Biao ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ
*ទី៤៖ ឈ្មោះ Lin QiaoFang ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ
*ទី៥៖ ឈ្មោះ ជា សីហា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ
*ទី៦៖ ឈ្មោះ បួយ ទៀង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

ក្រោយការចាប់ខ្លួន កម្លាំងបានដកហូតវត្ថុតាងរួមមាន៖

*រថយន្តចំនួន០១គ្រឿង ម៉ាកឡង់គ្រីស័រ ឆ្នាំ1999 ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2D-6155
*ទូរស័ព្ទដៃចំនួន០៩គ្រឿង
*កុំព្យូទ័រ Laptop ចំនួន០៥គ្រឿង
*ម្សៅពណ៌សចំនួន០១កញ្ចប់តូច និងជញ្ជីងថ្លឹង០១ ព្រមទាំងឧបករណ៍ប្រើប្រាស់ថ្នាំញៀន។
*លិខិតឆ្លងដែនចំនួន០២ច្បាប់
*កាតចំនួន៣១សន្លឹក
*កាំបិតស្នៀតចំនួន០៧
*ដំបងឆក់ចំនួន០១ដើម
*គ្រាប់កាំភ្លើងចំនួន០៩គ្រាប់
*ខ្នោះដៃជ័រចំនួន០៣ខ្សែរ។។ បច្ចុប្បន្នកម្លាំងការិយាយជំនាញកំពុងសាកសួរដើម្បីបន្តនីតិវិធី។

ក្រោយពីការសាកសួររួចនៅវេលាម៉ោង១៦.០០នាទី ជនសង្ស័យទាំងនេះ និងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តនិតិវិធីបន្ត៕