(ពោធិ៍សាត់)៖ អគ្គិសនីកម្ពុជា បានប្រគល់សម្ភារ និងគ្រឿងបរិក្ខារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជូនដល់គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តពោធិ៍សាត់ ដើម្បីប្រើប្រាស់ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នៅក្នុងខេត្ត។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមវត្តមានលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខាងអគ្គិសនីកម្ពុជា លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំអន្សាចំបក់ និងឃុំស្រែស្តុក តំណាងលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក កែវ រតនៈ និងថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃអគ្គិសនីកម្ពុជា ដែលតែងតែមានទឹកចិត្តប្រកបដោយកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លា យកចិត្តទុកដាក់ និងគិតពីតម្រូវការជាក់ស្ដែង របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ។ ជាមួយគ្នានោះ សម្ភារៈ និងគ្រឿងបរិក្ខារទាំងនេះ សបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌ នៃការចែករំលែកក្នុងសង្គម ទៅលើការជួយគ្នាក្នុងគ្រាលំបាក។

លោក ម៉ៅ ធនិន បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនេះ នឹងយកទៅចាត់ចែងប្រើប្រាស់ ក្នុងសកម្មភាពនានា ឱ្យស្របទៅតាមបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនាពេលបច្ចុប្បន្ន ស្របតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អំណោយជាសម្ភារ និងគ្រឿងបរិក្ខារពេទ្យ ដែលយកមកប្រគល់ជូននាឱកាសនេះរួមមាន៖ ម៉ាស N95 ចំនួន១ពាន់ម៉ាស, វ៉ែនតាការពារ ចំនួន២០០គ្រឿង, ស្រោមដៃ ចំនួន២ពាន់គូរ, អាវការពារ ចំនួន៣០០កំប្លេរ និងថ្នាំសម្លាប់មេរោគ ចំនួន៥០០ដប។

សូមបញ្ជាក់ថា នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ (ស្រី០១នាក់) មកពីភ្នំពេញ។

គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៣៩នាក់ (ស្រី២០នាក់) ក្នុងនោះជាសះស្បើយ ចំនួន០៥ករណី (ស្រី០២នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៣៤ករណី (ស្រី១៨នាក់)៕