(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០ ជនជាប់ចោទឈ្មោះ នន់ សារ៉េត អាយុ២៨ឆ្នាំ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង ផ្តន្ទាទោសពីបទឃាតកម្មគិតទុកជាមុន ទៅលើជនរងគ្រោះ៥នាក់ និងបទលាក់បំបាំងភស្តុតាង ដែលមានចែងក្នុងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ បទល្មើសឃាតកម្មគិតទុកជាមុន មានទោសជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមប្រភពពីអង្គភាពការពារកុមារ (CPU) ។

ដោយមានការស្នើសុំយ៉ាងច្រើនពីមហាជន CPU បានបញ្ចេញបន្ថែមនូវព័ត៌មានមួយចំនួន ពាក់ព័ន្ធទៅនឹងភស្តុតាងដែលបានរកឃើញនៅកន្លែងកើតហេតុ។ CPU បានសង្កត់ធ្ងន់ៗថា «នេះគឺជាអំពើដ៏ឃោឃៅលើសពីការស្មាន របស់អ្នកណាទាំងអស់»។ ករណីបំបែកសំណុំរឿងខាងលើ CPU បានថ្លែងអំណរគុណទៅដល់កម្លាំងសមត្ថកិច្ចទាំងអស់គ្នា ដែលបានជ្រោមជ្រែង ក្នុងការស៉ើបអង្កេតមួយនេះ។

តាមសេចក្តីរាយការណ៍មួយចំនួនដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាប៉ុន្មានថ្ងៃនេះ បានទម្លាយថា «តាមពិតអំពើឃាតកម្ម អាចនឹងត្រូវបញ្ចប់ដោយសារតែសមត្ថកិច្ចសន្និដ្ឋានថា វាជាករណីគ្រោះអគ្គិភ័យ។ បើសិនរឿងរ៉ាវ នៃអំពើឃាតកម្មដ៏សាហាវនេះ ត្រូវបានបិទបញ្ចប់នោះ អំពើអយុត្តិធម៌សម្រាប់ជនរងគ្រោះទាំង៥នាក់ នឹងបន្តស្ថិតនៅក្នុងភាពអាថ៍កំបាំងជារៀងរហូត ហើយឃាតកត្រូវបានរួចពីទោសទណ្ឌ ថែមទាំងទទួលបាន ការឧបត្ថម្ភនានាពីថ្នាក់ដឹកនាំ មន្រ្តី និងសប្បុរសជនទៀតផង ក្រោមការអាណិតអាសូរយ៉ាងពន់ពេក ដោយសារបានជួបហេតុការណ៍ដ៏រន្ធត់ រហូតបាត់បង់ប្រពន្ធ និងកូន។

ប៉ុន្តែនៅពេលក្រុមសមត្ថកិច្ច CPU សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកការស៉ើបអង្កេតឡើងវិញ នៅទីបំផុតក្រុមសមត្ថកិច្ចទាំងនេះ បានសម្រេចវះសាកសពស្រ្តីរងគ្រោះ ជាប្រពន្ធ និងកូន ដើម្បីធ្វើកោសល្យវិច្ច័យ ក៏ស្រាប់តែរកឃើញស្នាមចាក់ធ្លាយដល់ក្នុងខ្លួន មិនមានផ្សែងនៅក្នុងសួត និងបំពង់ក ទើបដឹងថា រឿងនេះមិនមែនផ្តើមចេញពីគ្រោះអគ្គិភ័យនោះឡើយ ជារឿងអំពើឃាតកម្មពិតមែន រហូតមានចំណាត់ការតាមផ្លូវច្បាប់»

សូមបញ្ជាក់ថា របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ០៨យប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ជនល្មើសបានមានជម្លោះយ៉ាងខ្លាំងជាមួយប្រពន្ធអាយុ៣៨ឆ្នាំរបស់ខ្លួននៅផ្ទះរបស់ពួកគេ ដែលស្ថិតនៅក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍។ នៅពេលនោះក៏ជនល្មើសបានយកកន្រ្តៃ ទៅចាក់ប្រពន្ធរបស់ខ្លួនជាច្រើនលើកនៅលើផ្នែកទ្រូង បង្កឲ្យគាត់រងរបួសធ្ងន់ធ្ងរ បន្ទាប់មកជនល្មើសបានបន្តហឹង្សាទៅលើកូនរបស់ខ្លួន ដែលមានអាយុ៣ឆ្នាំ បង្កឲ្យបាត់បង់ជីវិត។

ភស្តុតាងបានបង្ហាញថា ជនល្មើសបានបន្តប្រហារទៅលើកូនចុងរបស់ខ្លួនអាយុ៩ឆ្នាំ ដោយច្របាច់ក។ កូនភ្លោះពីរនាក់ទៀតដែលមានអាយុ៧ឆ្នាំ បានប្រទះឃើញអំពើទាំងនេះ ក៏រត់ចូលទៅក្នុងបន្ទប់គេងហើយកាន់ដៃ អោបគ្នាដោយមានការភ័យខ្លាច។ ភស្តុតាងបានបង្ហាញថា ជនល្មើសបានខ្ទាស់សោរបន្ទប់គេងពីខាងក្រៅ។

បន្ទាប់មកជនល្មើសបានដុតពូក និងខោអាវដើម្បីផ្តើមអគ្គីភ័យ។ ជនល្មើសបានរង់ចាំនៅក្នុងផ្ទះរហូតដល់ពេលអគ្គីភ័យចាប់ផ្តើមរីករាលដាល ទាំងដឹងថា កូនភ្លោះពីរនាក់នៅមានជីវិតនៅឡើយ ហើយជាប់សោរនៅក្នុងបន្ទប់គេង។ ពេលដែលអគ្គីភ័យបានឆាបឆេះផ្ទះទាំងស្រុង ជនល្មើសបានចេញក្រៅផ្ទះ និងរង់ចាំរហូតដល់អ្នកជិតខាងប្រទះឃើញ។

ជនរងគ្រោះខ្លះបានស្លាប់ដោយរបួសរងមុនពេលអគ្គីភ័យ ហើយមួយចំនួនទៀតបានស្លាប់នៅក្នុងអគ្គីភ័យ។ សាកសពកូនភ្លោះត្រូវបានរកឃើញក្នុងស្ថានភាពអោបគ្នា។

ជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅយប់កើតហេតុ ហើយបានផ្តល់សេចក្តីបំភ្លឺមួយចំនួនទៅកម្លាំងសមត្ថកិច្ចរៀបរាប់អំពីការផ្តើមនូវអគ្គីភ័យនេះ។ ក្នុងពេលនោះ ក្រុមការងារជំនាញក៏បានចាប់ផ្តើមធ្វើកោសល្យវិច័យ ទៅលើសាកសព និងកន្លែងកើតហេតុទាំងស្រុង។ ពេលដែលក្រុមការងារបានរៀបរាប់ និងសួរអំពីភស្តុតាងវិទ្យាសាស្រ្តមួយចំនួនទៅកាន់ជនល្មើស គេក៏ចាប់ផ្តើមសារភាពពីអំពើឃាតកម្ម និងអគ្គីភ័យ។

តែទោះជាយ៉ាងណា ការបំបែកសំណុំរឿងនេះបានក៏ដោយសហការយ៉ាងល្អរវាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង, សមាជិកនៃក្រុមការងារស៉ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU), និងអ្នកជំនាញនៅប្រទេសអូស្រ្តាលីទាំងអស់គ្នា ដែលបានរួមសហការជាមួយគ្នា និងធ្វើការបានយ៉ាងល្អប្រសើរដើម្បីស្វែងរកភាពពិតប្រាកដ និងយុត្តិធម៌ជូនជនរងគ្រោះ។

សូមជម្រាបថា ប្តីដែលសម្លាប់ប្រពន្ធ និងកូន ៤នាក់ ហើយដុតផ្ទះចោល បានកើតឡើងកាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយដំបូងឡើយនគរបាលខេត្តកំពង់ឆ្នាំង សន្និដ្ឋានថា កើតឡើងពីការទុហ្សេខ្សែភ្លើង៕