(ភ្នំពេញ)៖ លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ វ៉ន សុមេតា បានផ្តល់អំណោយជាអង្ករ និងត្រីខ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅជួយឧបត្ថម្ភជូនប្រជាពលរដ្ឋខ្វះខាត ឬរងផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោក ហេង ឡុង តំណាងលោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ។

នាឱកាសនោះលោក កើត ឆែ បានថ្លែងអំណរគុណលោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ វ៉ន សុមេតា ដែលបានផ្តល់អង្ករ ចំនួន៥តោន និងត្រីខ កំប៉ុង ចំនួន២០០កេស ជូនដល់សាលារាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ។

លោក កើត ឆែ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ វ៉ន សុមេតា ដែលបានឧបត្ថមជាស្បៀងអាហារ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស បានទាន់ពេលវេលា។

លោកថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ-១៩៕