(ភ្នំពេញ)៖ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីបំភ្លឺថា ការផ្សាយរបស់ The Cambodia Daily ដែលចោទលោកថា លោកពាក់ព័ន្ធនឹងដីធ្លី នៅស្រុកស្រែអំបិល ជារឿងមួលបង្កាច់ដោយគ្មានមូលដ្ឋាន ដើម្បីបំពេញចិត្តចៅហ្វាយតែប៉ុណ្ណោះ។

ការបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពី Facebook Page របស់សារព័ត៌មាន The Cambodia Daily ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅក្នុងកម្មវិធី Idea Talk កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចោទប្រកាន់ លោក ហូ សិទ្ធី ថាដើរចាប់យកដីរបស់រដ្ឋ និងចាក់ដីលប់ព្រែក នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

តាមសេចក្តីបំភ្លឺដែលផ្ញើមកកាន់បណ្តាញព័ត៌មាន Fresh News លោក ហូ សិទ្ធី បានបញ្ជាក់ថា «ខ្ញុំមិនប្រើប្រាស់តួនាទីរបស់ខ្ញុំដើម្បីឆ្លើយតបទៅវិញទេ គឺខ្ញុំឆ្លើយក្នុងនាម ជាពលរដ្ឋកម្ពុជាម្នាក់ ដែលរងគ្រោះដោយភាពអយុត្តិធម៌ នៃការចោទប្រកាន់មួយដែលគ្មានភស្តុតាង និងសាក្សីដែលអាចយកជាការបាន។ ខ្ញុំសូមឆ្លើយតបយ៉ាងខ្លីថា “ខ្ញុំគ្មានដីមួយតឹកណានៅក្នុង ស្រុកស្រែអំបិល ខេត្តកោះកុងនោះឡើយ»

មន្រ្តីជាន់ខ្ពស់រូបនេះ បានបន្តថា ប្រសិនជា The Cambodia Daily ចោទរូបលោកដោយមានសុឆន្ទៈត្រឹមត្រូវ គឺប្រាកដជានឹងយកភស្តុតាងឬសាក្សី មកបង្ហាញ ឬបកស្រាយនៅចំពោះមុខសាធារណៈជន បាត់ទៅហើយ។ ប៉ុន្តែលោកជឿជាក់ថា ការដែលអ្នកវាយប្រហារមកលើលោកនេះ គឺសារព័ត៌មាននេះ ចង់វាយឱ្យដល់រដ្ឋអំណាចដែលលោកកំពុងធ្វើការបម្រើនាពេលបច្ចុប្បន្ន។

លោកបញ្ជាក់បន្ថែមថា កន្លងមកតាំងពីសព លោក Bernard Krisher នៅរស់កាសែត Cambodia Daily តែងតែព្យាយាមមួលបង្កាច់លើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចុះផ្សាយសំអុយមន្ត្រីនេះឬមន្ត្រីនោះ មិនចេះឈប់មិនចេះឈរឡើយ។ លោកបន្ថែមទៀតថា៖ «ខ្ញុំមិននឹកស្មានថា មានជនរួមជាតិរបស់ខ្ញុំទៅតាំងខ្លួនធ្វើជា “សុនខរបស់បរទេសនោះសោះ។ កន្លងមកខ្ញុំធ្លាប់បាននិយាយជាមួយសារព័ត៌មានបរទេសផ្សេងៗទៀត រួមទាំង Cambodia Daily ផងដែរថា ខ្ញុំមិនចូលចិត្តខាតពេលវេលាដោយខិតខំពន្យល់ “មនុស្សល្ងើដែលធ្វើជាចេះនោះទេ”»

លោកបញ្ជាក់បន្ថែមទៀតថា៖ «អ្វីដែលអ្នកបានផ្សាយតាំងពីយប់ថ្ងៃទី១១ រហូតថ្ងៃទី១២ ខែឧសភានេះ មកដល់ម៉ោង២រសៀលនេះ អ្នកឯងមានគេចូលមើលត្រឹមតែជាង ១ម៉ឺននាក់ទេ ហើយអ្នក Comment មានតែជាង ៤រយនាក់ តែប៉ុណ្ណោះ រីឯលិខិតរបស់ខ្ញុំនេះ ផ្សាយចេញទៅនឹងត្រូវបានឮ និងឃើញដល់ជនរួមជាតិយើង ទូទាំងប្រទេសព្រមទាំងជនរួមជាតិដែលកំពុងរស់នៅបរទេសថែមទៀតផង។ ដូចលើកមុនៗផងដែរ ខ្ញុំមិនប្តឹងចំពោះអ្នកទេព្រោះវាងាយនឹងឈ្នះពេក ហើយបើ «សុនខ» ខាំខ្ញុំ ខ្ញុំនឹងមិនខាំ “សុនខ» វិញដែរ»

ក្រោយពីបានបំភ្លឺបែបនេះហើយ លោក ហូ សិទ្ធី ក៏បានចោទជាសំណួរថា តើសារព័ត៌មាន The Cambodia Daily មានភស្តុតាងអ្វីទៀត ដើម្បីឆ្លើយតបជាមួយលោកនាពេលនេះ?