(ភ្នំពេញ)៖ រ៉ាម៉ាឌន នៃសាសនាឥស្លាមត្រូវបានបិទបញ្ចប់ក្រោយសាសនិកបានបួសរយ:ពេល៣០ថ្ងៃរួចមក។ ស្អែកនេះត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ជាថ្ងៃដែលសាសនិកខ្មែរឥស្លាមកម្ពុជា និងសាសនិកឥស្លាមនៅតាមបណ្ដាប្រទេសមួយចំនួន នឹងប្រារព្វពិធីបុណ្យបិទបញ្ចប់ការបួសរ៉ម៉ាឌន ហៅថា «រ៉យ៉ាហ្វីត្រះ»។

បុណ្យរ៉យ៉ាហ្វីត្រះ ត្រូវបានសាសនិកឥស្លាមទូទាំងពិភពលោកប្រារព្វឡើងជារៀងរាល់ឆ្នាំ ក្រោយពេលបិទបញ្ចប់ការបួសរ៉ម៉ាឌនដែលសាសនិកឥស្លាមគ្រប់លក្ខណទាំងអស់បួសតមអាហារ ភាវនាធម៍ និងបដិបត្តតាមគន្លងសាសនាដ៍ត្រឹមត្រូវនេះ រយ:ពេលពេញមួយខែរួចមក ។

យោងតាមសេចក្តីប្រកាសរបស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាបានឲ្យដឹងថា នៅថ្ងៃព្រហស្បិ៍ទី១៣ ខែឧសភា ឆ្នាំ២០២១ គឺជាថ្ងៃរ៉យ៉ាហ្វីត្រះសំរាប់សាសនិកឥស្លាមកម្ពុជាក្នុងឆ្នាំ១៤៤២ហិជរ៉ោះ។ ប្រសិនបើយើងក្រឡេកមើលទៅលើពិភពលោកយើងក៏ឃើញដែរថា វាក៏ជាថ្ងៃរ៉យ៉ាសំរាប់សាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ។

ថ្ងៃរ៉យ៉ា គឺជាថ្ងៃសប្បាយរីករាយសំរាប់សាសនិកឥស្លាមនៅទូទាំងពិភពលោក ហើយក្នុងរយៈពេលមួយឆ្នាំសំរាប់សាសនិកឥស្លាមមានថ្ងៃរ៉យ៉ាប្រចាំឆ្នាំចំនួនពីរដងគឺទីមួយ «ថ្ងៃរ៉យ៉ាហ្វីត្រះ» និងទីពីរ «ថ្ងៃរ៉យ៉ាហាជី»។

ថ្ងៃរ៉យ៉ាហ្វីត្រះស្ថិតនៅថ្ងៃទី១ ខែទី១០ នៅក្នុងសាសនាឥស្លាម ពោលគឺក្រោយខែរ៉ម៉ាឌន ជាខែដែលសាសនិកឥស្លាមត្រូវបួសអំពីអាហារ អំពីតណ្ហា និងប្រការអាក្រក់ផ្សេងៗ។ ចំណែកថ្ងៃរ៉យ៉ាហាជី គឺស្ថិតនៅថ្ងៃទី១០ ខែត្ស៊ុលហិចចះឬខែហាជី ជាខែទី១២ របស់ឥស្លាមដែលសាសនិកឥស្លាមដែលមានលទ្ធភាពនាំគ្នាទៅធ្វើបុណ្យហាជីនៅទីក្រុងម៉ាកះនៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត។

ដើម្បីជ្រាបច្បាស់ជុំវិញពិធីបុណ្យរ៉យ៉ាហ្វីត្រះនេះ លោក ស្លៃម៉ាន ហ្វាន់ទី អ្នកយកព័ត៌មានអង្គភាព Fresh News បានសម្ភាសន៍លោកសាស្ត្រាចារ្យ មោសា អះម៉ាត់ ដែលលោកបានបញ្ចប់ការសិក្សាផ្នែកសាសនាឥស្លាម នៅព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីតនៅវេលាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ដែលមានខ្លឹមសារដូចតទៅ៖

* Fresh News ៖ តើសាសនិកឥស្លាមត្រូវអនុវត្តន៍តាមបែបផែនយ៉ាងខ្លះនៅថ្ងៃរ៉យ៉ាហ្វីត្រះនេះ ?

*លោកសាស្ត្រាចារ្យ ៖ តាមធម្មតានៅព្រឹកថ្ងៃរ៉យ៉ា អ្នកឥស្លាមត្រូវក្រោកពីព្រឹកព្រលឹម ងូតទឹកសំអាតខ្លួនប្រាណ ស្លៀកសំលៀកបំពាក់ដែលល្អស្អាត និងបាញ់ទឹកអប់ឲ្យក្រអូប រួចនាំគ្នាទៅប្រតិបត្តិសឡាតរ៉យ៉ាដើម្បីគោរពសក្ការៈ ទៅចំពោះអល់ឡោះនៅម៉ាស្ជិទ(វិហារឥស្លាម)ឬទីវាល ក្នុងករណីមិនមានឧបសគ្គរារាំងដូចជាជំងឺរាតត្បាតជាដើម។ ប៉ុន្តែនៅក្នុងករណីដែលមិនអាចទៅប្រតិបត្តិសឡាតរ៉យ៉ារួមគ្នានៅកន្លែងតែមួយបានដូចស្ថានភាពបច្ចុប្បន្នដែលមានជម្ងឺកូវីដ-១៩កំពុងរាតត្បាតនោះ អ្នកឥស្លាមប្រតិបត្តិសឡាតរ៉យ៉ារួមគ្នានៅតាមផ្ទះរៀងៗខ្លួន។

ក្រៅពីនោះក៏មានការអបអរ និងការជូនពរគ្នាប្រកបដោយភាពរួសរាយរាក់ទាក់ដែលបញ្ជាក់ពីការស្រលាញ់រាប់អានគ្នាទៅវិញទៅមក។

អ្នកឥស្លាមក៏តែងរៀបចំម្ហូបអាហារពិសារជុំគ្នានៅក្នុងផ្ទះរបស់គាត់ដើម្បីបញ្ជាក់ពីសាមគ្គីភាពនិងភាពរីករាយនៅក្នុងគ្រួសារ។ លើសពីនេះ អ្នកឥស្លាមក៏តែងសូត្រធម៌បញ្ជាក់ពីការថ្លែងអំណរគុណចំពោះអល់ឡោះ និងបញ្ជាក់ពីភាពធំធេងរបស់ទ្រង់នៅគ្រប់ទីកន្លែងផងដែរ។

* Fresh News ៖ តើថ្ងៃរ៉យ៉ារបស់សាសនាឥស្លាមឆ្លុះបញ្ចាំងអំពីអ្វីខ្លះ?

*លោកសាស្ត្រាចារ្យ ៖ ថ្ងៃរ៉យ៉ាហ្វីត្រះនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីតម្លៃដូចជា៖

* ១ .ថ្ងៃរ៉យ៉ា ជាការថ្លែងអំណរគុណចំពោះអល់ឡោះដែលបានសំរួលអោយបានធ្វើទង្វើល្អរួច ដែលនេះបញ្ជាក់ថា ពេលដែលអ្នកឥស្លាមត្រូវសប្បាយពិតប្រាកដគឺពេលដែលបានសាងទង្វើល្អរួច និងពេលដែលអាចការពារខ្លួនពីប្រការអាក្រក់ឬបាបកម្មផ្សេងៗបាន។

* ២ .ថ្ងៃរ៉យ៉ា ជាថ្ងៃបង្ហាញពីសប្បុរសធម៌នៅក្នុងសាសនាឥស្លាមដែលគេអាចអោយឈ្មោះថា ជាថ្ងៃបរិច្ចាគ ព្រោះនៅថ្ងៃនោះអ្នកឥស្លាមគ្រប់រូប មិនថាក្មេងឬចាស់ ប្រុសឬស្រី ត្រូវបរិច្ចាគជាអាហារប្រមាណ៣គីឡូក្រាមអង្ករទៅអោយអ្នកក្រ ឬជាលុយដែលមានតម្លៃស្មើដើម្បីផ្តល់ភាពរីករាយដល់អ្នកក្រីក្រនៅថ្ងៃរ៉យ៉ានោះ។

* ៣.ថ្ងៃរ៉យ៉ា បង្ហាញពីសាមគ្គីភាពនៅក្នុងសាសនាឥស្លាម ព្រោះអ្នកឥស្លាមជុំវិញពិភពលោកអនុវត្តន៍នូវការសឡាតរ៉យ៉ាដូចគ្នា បន្ទាប់ពីការបួសដូចគ្នានៅក្នុងខែរ៉ម៉ាឌន។

* ៤.ថ្ងៃរ៉យ៉ា បង្ហាញពីភាពស្មើគ្នានៅក្នុងសាសនាឥស្លាម វាជាថ្ងៃដែលអ្នកឥស្លាមសម្តែងនូវភាពរីករាយ និងភាពរួសរាយរបស់ខ្លួនចំពោះគ្នាទៅវិញទៅមកដោយមិនប្រកាន់ឋានៈ បុណ្យសក្ដិ តួនាទី ទ្រព្យសម្បត្តិ ឬមុខមាត់អ្វីមួយឡើយ។

* ៥ .ថ្ងៃរ៉យ៉ា បង្ហាញថាសាសនាឥស្លាមចង់អោយអ្នកប្រតិបត្តិតាមសាសនានេះ ទទួលជោគជ័យ និងភាពរីករាយទាំងនៅក្នុងលោកិយ៍ និងបរលោក។

* ៦ .ថ្ងៃរ៉យ៉ា បង្ហាញពីការគោរពតាមថ្នាក់ដឹកនាំរបស់សាសនិកឥស្លាម ព្រោះអ្នកឥស្លាមទូទៅតែងរង់ចាំចាំស្តាប់ការប្រកាសរបស់ថ្នាក់ដឹកនាំឥស្លាមពីពេលវេលានៃថ្ងៃរ៉យ៉ាតាមរយៈការមើលឃើញខ្នើតខែស្សាវវ៉ាលឬតាមរយៈការរាប់បង្គ្រប់៣០ថ្ងៃនៃខែរ៉ម៉ាឌនក្នុងករណីមើលមិនឃើញខ្នើតខែស្សាវវ៉ាលនៅល្ងាចថ្ងៃទី២៩ នៃខែរ៉ម៉ាឌន។

* Fresh News ៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ។ ក្នុងនាមជាសាសនិកឥស្លាមមួយរូប តើលោកសាស្ត្រាចារ្យមានសេចក្ដីសោមនស្សរីករាយយ៉ាងណាដែរ ដែលយើងមានមេដឹកនាំប្រកបដោយទស្សពិតរាជធម៍បែបនេះ ?

* លោកសាស្ត្រាចារ្យ ៖ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបាននាំមកនូវសុខសន្តិភាពជូនប្រជាជន និងតែងយកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋកម្ពុជានៅគ្រប់កាលៈទេសៈ មានគោលនយោបាលសុខដុមនីយកម្មល្អបំផុត ហើយផ្តល់នូវសិទ្ធិសេរីភាពពេញលេញដល់ប្រជាជនរបស់ខ្លួន ពិសេសក្នុងការប្រតិបត្តិតាមជំនឿសាសនាដែលខ្លួនពេញចិត្ត។

ហើយក៏សូមថ្លែងអំណរគុណផងដែរដល់ថ្នាក់ដឹកនាំឥស្លាម ដែលបានខិតខំបំពេញការងារផ្សេងៗ ដើម្បីបំរើដល់ផលប្រយោជន៍រួមរបស់សហគមឥស្លាមរបស់យើង។ ហើយក៏មិនភ្លេចថ្លែងអំណរគុណផងដែរ ទៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងព្យាបាលអ្នកជំងឺកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់បំផុតដែលមានអត្រាអ្នកជាសះស្បើយច្រើនឡើងៗ។ សូមបងប្អូនឥស្លាមអនុវត្តតាមវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាលដើម្បីរួមគ្នាកម្ចាត់ជំងឺនេះចេញឲ្យអសើពីប្រទេសរបស់យើង និងសូមចូលរួមការពារខ្លួនពីជម្ងឺកូវីដ-១៩នេះទាំងអស់គ្នា៕